ជនជាតិវៀតណាម ៦៣នាក់ ត្រូវបានបណ្តេញ ចេញពីកម្ពុជា
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនជាតិវៀតណាម សរុបចំនួន ៦៣នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ការបណ្ដេញជនជាតិរៀតណាមនេះ ធ្វើឡើងតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិ វៀតណាម សរុបចំនួន ៦៣នាក់ (ស្រី១១នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (មានលិខិតឆ្លងដែន និងគ្មានលិខិតឆ្លងដែន) (Online Scam)។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ៦៣នាក់ (ស្រី១១នាក់) (Online Scam)៕
