ព័ត៌មានជាតិ

វេទិកាសន្តិភាពប៉ារីស លើកទី៨ អបអរសាទរ កិច្ចព្រមព្រៀង សន្តិភាព កម្ពុជា-ថៃ

ភ្នំពេញ ៖ វេទិកាសន្តិភាពប៉ារីសលើកទី៨ ដែលប្រារព្ឋធ្វើឡើង ក្នុងទីក្រុងប៉ារីស ប្រទេសបារំាង ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៥នេះ បានអបអរសាទរ ចំពោះកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃដែលបានចុះហត្ថលេខា កាលពីថ្ងៃ២៦ តុលា ។

សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំតុមូល នៃវេទិកាសន្តិភាពប៉ារីសលើកទី៨ បានលើកឡើងពីការឯកភាពរបស់កម្ពុជា-ថៃ លើកិច្ចព្រមព្រៀងសន្តិភាព ដោយមានការជួយសម្របសម្រួលពីប្រទេស ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងដោយមានការជួយគាំទ្រ យ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ។ ការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងសន្តិភាពនេះ បានបិទទំព័រមួយដ៏លំបាក និងបើកនូវសករាជថ្មីមួយ ដែលមិនត្រឹមតែ បញ្ចប់នូវជម្លោះនាពេលបច្ចុប្បន្ន ថែមទាំងបានធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធានាបាននូវសន្តិភាព ដោយដោះស្រាយនូវមូលហេតុនៃជម្លោះ និងបង្កើតលក្ខណ្ឌដ៏ចាំបាច់ សម្រាប់ធានាបាននូវសន្តិភាពយូរអង្វែង សុខុដុមរមនា និងវិបុលភាពរួម ។

សម្តេចប្រធានរដ្ឋសភាបានបន្តថា គោលការណ៍ដែលបានកំណត់ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព គឺគោលការណ៌ដែលកម្ពុជាបានប្តេជ្ញាចិត្តដោយមោះមុត។ ទោះបីជាលំបាក ឬសាំញុំាប៉ុណ្ណាក៏ដោយ ជម្លោះនេះត្រូវតែដោះស្រាយតាមមធ្យោបាយដោយសន្តិភាព ដោយគោរពទាំងស្រុងតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដែលមានជាធរមាន ។

កិច្ចពិភាក្សាតុមូលនៃវេទិកាសន្តិភាពប៉ារីស ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីផ្លាស់ប្តូរ ទស្សនៈ ដោយភាពស្មោះត្រង់ និងបើកចំហរលើបញ្ហា ប្រឈមដ៏សំខាន់បំផុត ដែលពិភពលោកកំពុងជួបប្រទះ ។ កិច្ចប្រជុំតុមូលបានប្រារព្ឋធ្វើឡើង ក្រោមប្រធានបទ៖ «ចំពោះមុខនៃការបែកបាក់៖ អធិបតេយ្យភាពក្នុងកាលៈទេសៈ ដែលសណ្តាប់ធ្នាប់ពិភពលោក មានការបែកខ្ញែក» ។
ក្រោយពីការលើកឡើង របស់សម្តេចប្រធាន សមាជិកចូលរួមកិច្ចប្រជុំ បានសម្តែងការអបអរសាទរ ចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជានិងថៃ។ កិច្ចប្រជុំវាយតម្លៃខ្ពស់ចំពោះសន្តិភាព ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថាកម្ពុជា ជាប្រទេសតូច កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ ។ ជាប្រទេសតិច មិនមែនមានន័យថា មិនមានសិទ្ធិស្វ័យសម្រេចឡើយ ប៉ុន្តែបញ្ជាក់យ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តចំពោះសន្តិភាព និងគោលនយោបាយការបរទេស យ៉ាងច្បាប់ជាគោល ៕

To Top