ព័ត៌មានជាតិ

អភិបាលរងរាជធានីភ្នំពេញ ៖ សំណើ សំណូមពរ ពលរដ្ឋក្នុងខណ្ឌដង្កោ មិនច្រើនដូចបណ្ដាឆ្នាំមុន ហើយមិនមានពាក់ព័ន្ធ ចោរលួច ចោរប្លន់ថែមទៀត

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ មិនបានលើកជាសំណើរ សំណូមពរ ពាក់ព័ន្ធ ភូមិ សង្កាត់មានសុវត្ថិភាព ចោរលួច ចោរប្លន់នោះទេ ពោលគឺគ្រាន់តែលើកឡើងពីបញ្ហាសំរាម ការតបណ្តាញទឹកស្អាត និងអចលនទ្រព្យតែប៉ុណ្ណោះ ហើយការលើកឡើងជាសំណើ សំណូមពរ ដោយផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរ ក៏បានចំនួនតិចជាងឆ្នាំមុន ប្រមាណជាង៥០%ផងដែរ ។

នេះបើតាមការលើកឡើងរបស់ លោក ហ៊ុន សុរិទ្ធី អភិបាលរង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដង្កោ ក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាងលោក ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ នៅសាលាខណ្ឌដង្កោ។

ក្នុងពិធីនេះ លោក ហ៊ុន សុរិទ្ធី មានប្រសាសន៍លើកឡើងថា វេទិកាសាធារណៈនៅក្នុងខណ្ឌដង្កោនេះ ប្រជាពលរដ្ឋបានលើកជា សំណើ និងសំណូមពរផ្ទាល់មាត់ចំនួន០៥នាក់ និង សំណើ និងសំណូមពរជាលាយលក្ខណ៍អក្សរ មានចំនួន១៥ច្បាប់ សរុប២០បញ្ហាដែលមានដូចជា ការស្នើសុំការពន្លឿន ការផ្តល់បណ្ណកម្មសិទ្ធិអចលនទ្រព្យ,ស្នើសូមឱ្យមន្ត្រីជំនាញនៃមន្ទីរដែនដី ពន្យល់ពលរដ្ឋ ឱ្យបានយល់ពីនីតិវិធីនៃការបង់ពន្ធប្រថាប់ត្រា លើបណ្ណកម្មសិទ្ធិអចលនទ្រព្យ,ស្នើសុំ តបណ្តាញទឹកស្អាតចូលបុរី VIPនិងបុរីសំព័ រនិងការស្នើសុំឱ្យក្រុមហ៊ុនប្រមូល ដឹកជញ្ជូនសំរាម ដឹកសំរាមចេញឱ្យបានលឿន និងទៀងពេលកុំឱ្យទុកចោលយូពេក។

លោក ហ៊ុន សុរិទ្ធី បានបញ្ជាក់ថា ការលើកឡើងជាសំណើ សំណូមពរ ឆ្នាំនេះមានចំនួនត្រឹមតែ២០ច្បាប់ប៉ុណ្ណោះ មិនច្រើនដូចបណ្ដាឆ្នាំមុនទេ ហើយរាល់សំណើរ សំណូមពរទាំងនោះទៀតសោធ ក៏មិនមានពាក់ព័ន្ធភូមិ សង្កាត់មានសុវត្ថិភាព ចោរលួច ចោរប្លន់ថែមទៀត។នេះបញ្ជាក់ឱ្យឃើញថា ទាំងអាជ្ញាធរនិងសមត្ថកិច្ច ពិតជាបានអនុវត្តការងារ បំរើប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង។

ក្នុងនោះដែល លោក ជួប ខុន ក៏បានលើកឡើងដែរថា វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋលើបញ្ហាសន្តិសុខ សណ្តាប់ ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្ត ការដោះស្រាយជូន៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top