ព័ត៌មានជាតិ

ជនរងគ្រោះដោយសារគ្រឿងញៀនចំនួន ៣៦នាក់ បានត្រឡប់ចូលក្នុងសង្គមវិញក្រោយពីព្យាបាល និងស្តានីតិសម្បទា នៅមជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀន ខេ វី ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ជនរងគ្រោះចំនួន ៣៦នាក់ ដោយសារគ្រឿងញៀន បានធ្វើសមាហរណកម្មចូលក្នុងសង្គមវិញនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។ ការធ្វើសមាហរណកម្មជនរងគ្រោះដោយសារគ្រឿងញៀនទាំង៣៦នាក់នេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី អី សុភ័ក្ត្រ ក្រុមប្រឹក្សាភិបាល និងលោក សោម រស់ ប្រធានមជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀន ខេវី(KV) ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បើតាមការឱ្យដឹងពី លោក សោម រស់ ប្រធានមជ្ឈមណ្ឌល បានឱ្យដឹងថា ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ហើយបានធ្វើការព្យាបាលអប់រំកែប្រែ នឹងធ្វើសមាហរណកម្មចូលក្នុងសង្គមវិញក្នុងថ្ងៃនេះ គឺមានចំនួន៣៦នាក់ ក្នុងនោះជនរងគ្រោះជាស្ត្រី១នាក់ ដែលពួគគាត់បានស្នាក់នៅ និង ព្យាបាលបាលក្នុងមជ្ឈមណ្ឌលអស់រយះពេល ៣ ទៅ ៦ ខែ ដោយបានជាសះស្បើយ អាចរស់នៅក្នុងសង្គមគ្រួសារ និង សហគមន៏បានល្អប្រសើរនាពេលខាងមុខ។

ជាមួយគ្នានេះដែរ លោកស្រី អី សុភ័ក្ត្រ ក្រុមប្រឹក្សាភិបាល ក៏បានធ្វើការណែនាំដល់ជនរងគ្រោះទាំងអស់ដែលបានធ្វើការស្តានីតិសម្បទា និងសមាហរណកម្មឡើងវិញរួច សូមជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនគឺបំផ្លាញអនាគត បំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ ហើយជនរងគ្រោះទាំងអស់ក្រោយត្រឡប់ទៅរស់នៅជាមួយគ្រួសារ ក្នុងសង្គមវិញត្រូវប្រឹងប្រែងបំពេញកិច្ចការងារប្រកបរបរចិញ្ចឹមជីវិតដោយសុច្ចរិត និងធ្វើជាមនុស្សល្អក្នុងសង្គម ដើម្បីក្លាយជាធនធានមនុស្សដ៏ប្រសើរ។

ជាចុងក្រោយគណៈអធិបតី បានធ្វើការចែកជូននៅលិខិតអនុញ្ញាតបញ្ជាក់ការស្តានីតិសម្បទា និងសមាហរណកម្មជូនដល់ជនរងគ្រោះទាំងអស់ ដែលបានជាសះស្បើយពីគ្រឿងញៀន នឹងបានឱ្យពួកគេត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារវិញផងដែរ៕

ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/
រូបភាពដោយ៖ជឿន សុធន

To Top