ព័ត៌មានជាតិ

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចុះអធិការកិច្ចតាមការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត

មណ្ឌលគិរី៖ កាលពីថ្ងៃទី៣០ តុលា ឆ្នាំ២០២៥ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានដឹកនាំក្រុមសហការី ចុះអធិការកិច្ចតាមការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

ការចុះអធិការកិច្ចនេះ មានការចាត់តាំង និងគាំទ្រពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។ ក្រុមការងារដែលដឹកនាំដោយលោក ហាក់ សៀកលីម និងលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

កម្មវិធីនេះ មានអញ្ជើញចូលរួមពីលោកស្នងការរង លោក/លោកស្រីជានាយ និងនាយរងការិយាល័យនគរបាលជាច្រើនផ្នែក រួមមានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងធ្ងន់ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ការិយាល័យគ្រប់គ្រងជនបរទេស ការិយាល័យចរាចរណ៍ផ្លូវគោក ការិយាល័យប្រឆាំងគ្រឿងញៀន ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ដ និងការិយាល័យសន្តិសុខផ្ទៃក្នុង។

គោលបំណងនៃការចុះអធិការកិច្ចគឺដើម្បី៖
-ត្រួតពិនិត្យបញ្ជីទទួលពាក្យបណ្ដឹង បញ្ជីឃាត់ខ្លួន និងកំណត់ហេតុពាក់ព័ន្ធផ្សេងៗ
-ត្រួតពិនិត្យសភាពទីកន្លែងឃាត់ខ្លួន
-ពិភាក្សាអំពីបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងការអនុវត្តតួនាទីនគរបាលយុត្តិធម៌
-បង្កើនកិច្ចសហការល្អរវាងស្ថាប័នអយ្យការ និងអង្គភាពនគរបាលយុត្តិធម៌។

ព្រះរាជអាជ្ញារង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្នងការរង លោក/លោកស្រីជានាយការិយាល័យ និងមន្រ្តីក្រោមឱវាទទាំងអស់ ដែលបានអនុវត្តភារកិច្ចដោយស្មោះត្រង់ និងស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ៕

ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top