ព័ត៌មានជាតិ

CMAC សន្និដ្ឋានថា ករណីផ្ទុះគ្រាប់​ បណ្ដាលឲ្យស្លាប់ និងរបួស នៅស្រុកជាំក្សាន្ត ជាគ្រាប់បែកចង្កោម ដែលកង​ទ័ពថៃ បានបាញ់មកលើកម្ពុជា

ភ្នំពេញ ៖ ក្រុមស៊ើបអង្កេតអង្គភាព មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសន្និដ្ឋានថា ករណីផ្ទុះគ្រាប់បែកបណ្ដាលឲ្យស្លាប់ និងរបួស នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាគ្រាប់បែកចង្កោមប្រភេទ M-85 នៃគ្រាប់កាំភ្លើងធំ១៥៥ មម ដែលកងទ័ពថៃបានបាញ់ មកលើទឹកដីកម្ពុជា ក្នុងសង្គ្រាមចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ ស្ថិតនៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបណ្តាលឲ្យកុមារា សឿន សុវណ្ណ អាយុ១០ឆ្នាំ (កូន) បានស្លាប់ និងលោក សៀន ស៊ុន អាយុ៤៣ឆ្នាំ (ឪពុក) រងរបួសធ្ងន់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMAC នៅថ្ងៃទី៣០ តុលា បានឲ្យដឹងថា ផ្អែកតាមរបាយការណ៍ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ អង្គភាព CMAC បានធ្វើការស៊ើបអង្កេតយ៉ាង ហ្មត់ចត់ចំពោះករណីគ្រោះថ្នាក់នេះ ដោយបានធ្វើការវិភាគសំណាកអំបែង នៅកន្លែងកើតហេតុ ស្លាកស្នាមរបួស ចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រ រងផលប៉ះពាល់ដែលកុមារា សឿន សុវណ្ណ បានរើសគ្រាប់ និងការរៀបរាប់លម្អិត របស់អ្នកស្រី ស៊ិន ចាន់ទាង ជាម្តាយរបស់ សឿន សុវណ្ណ អំពីភិនភាគគ្រាប់ និងសកម្មភាពពាក់ព័ន្ធក្នុងការយក គ្រាប់នោះមកដល់ផ្ទះ រហូតបង្កឲ្យមានគ្រោះ ថ្នាក់កើតឡើង។

ក្រុមស៊ើបអង្កេតអង្គភាព CMAC បានសន្និដ្ឋានថា «គ្រាប់ដែលបង្កផ្ទុះស្លាប់និងរបួសនេះជាគ្រាប់បែកចង្កោមប្រភេទM-85 នៃគ្រាប់កាំភ្លើងធំ១៥៥មម ជាសំណល់ យុទ្ធភណ្ឌសង្គ្រាមដែលកងទ័ពថៃបានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥«។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រុមជំនាញអង្គភាពCMACបានស្រាវជ្រាវ និងកំណត់ ទីតាំងភូមិសាស្ត្រចំណុចនេះជាចម្ការគ្រាប់បែកចង្កោមលេខ “BS18134_B1.2*”។

ឆ្លៀតឱកាសនេះ អង្គភាព CMAC សូមចូលរួមរំលែកទុក្ខក៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ជាពិសេសនៅតាមតំបន់ស្រែចម្ការ ព្រៃ និងភូមិលំនៅដ្ឋាន ដែលទទួលរងផលប៉ះពាល់ក្នុងសង្គ្រាមកាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។

ករណី បានឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ វាយដំ គប់ លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅ អាជ្ញាធរមូលដ្ឋាន ឬអង្គភាពCMACដើម្បីបោសសម្អាតគ្រាប់ទាំងនោះ។ សូមទាក់ទងមន្ត្រីអង្គភាពCMAC ទិស ខេត្តឧត្តរមានជ័យ៖ ០៩៧ ២០០ ១១ ៤១ និងទិសខេត្តព្រះវិហារ៖ ០៩៧ ២២២២ ៧៣៥៕

To Top