ព័ត៌មានជាតិ

ការប្រកួតសរសេរតាមអានថ្នាក់ជាតិ “សំណេរអង្គរ” លើកទី៣ មានបេក្ខជនចូលរួមជិត២ពាន់អង្គ/នាក់

ភ្នំពេញ ៖ លោក លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការប្រកួតប្រជែងសរសេរតាមអានសាធារណៈថ្នាក់ជាតិ “សំណេរអង្គរ” ដើម្បីលើកតម្លៃអក្សរសាស្រ្តជាតិលើកទី៣ ឆ្នាំ២០២៦ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ខាងមុខ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត លើទឹកដីខេត្តសៀមរាប មានបេក្ខជន-បេក្ខនារីដាក់ពាក្យចូលរួមប្រមាណជា១៨៦០អង្គ/នាក់ ។

ការប្រឡងប្រជែងប្រកួតសរសេរតាមអានេះ ក្នុងគោលបំណងលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោកដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកួតប្រជែងសរសេរតាមអានសាធារណៈថ្នាក់ជាតិ “សំណេរអង្គរ” លើកទី៣ នៅព្រឹកថ្ងៃទី៣១ តុលា លោក លឹម ប៊ុនហុកបានថ្លែងថា ការប្រកួតប្រជែងសរសេរតាមអានសាធារណៈថ្នាក់ជាតិនេះ មានអ្នកចូលរួមប្រកួតប្រជែងចំនួន ១៨៦០អង្គ/នាក់មកពី២៥ រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា ។ ក្នុងចំណោមបេក្ខជនទាំង១៨៦០អង្គ/នាក់នេះ ក៏មានអ្នករស់នៅសៀមរាប , ព្រះសង្ឃចំនួន២៣១អង្គ និងជនបរទេសចំនួន២នាក់។ សម្រាប់បេក្ខជន-បេក្ខនារី ចុះឈ្មោះប្រកួតប្រជែងមានអាយុចាប់៨២ឆ្នាំ, ១៨ឆ្នាំ , ក្រោម១៨ឆ្នាំ និងអាយុតិចជាង៥ឆ្នាំ។

លោក លីម ប៊ុនហុកគូសបញ្ជាក់ថា បេក្ខជន-នារី ចុះឈ្មោះប្រកួតប្រជែងមានអាយុតិចជាង ៥ ឆ្នាំនេះ សបញ្ជាក់ពីការស្រលាញ់ និងចង់លើកស្ទួយអក្សរសាស្រ្តខ្មែរ ។ ចំណែកមនុស្សចាស់ជាងគេមានជន្មាយុ៨២ឆ្នាំ ក៏ជាការស្រលាញ់ និងចង់លើកស្ទួយអក្សរសាស្រ្តខ្មែរផងដែរ ។

លោកបានអំពាវនាវដល់បេក្ខជន-បេក្ខនារីទំាងអស់ដែលបានដាក់ពាក្យប្រកួតចូលរួមវិភាគទានទិញអាវយឺតតម្លៃ២ម៉ឺនរៀលផងដែរ ។កម្មវិធី «សំណេរអង្គរលើកទី៣» គឺជាកម្មវិធីមួយដែលបង្កើតឡើងដើម្បីលើកកម្ពស់អក្សរសាស្ត្រខ្មែរ តាមរយៈការសរសេរតាមអាន។ និយាយបែបផ្សេង មានន័យថា កម្មវិធីនេះ នឹងអាចក្លាយទៅជាទិវាសរសេរតាមអានជារៀងរាល់ឆ្នាំ ដោយផ្ដោតលើប្រធានបទស្តីពី «រមណីយដ្ឋានអង្គរ»។

ការប្រកួតនេះរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការគាំទ្រពីអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ ៕

To Top