ព័ត៌មានជាតិ

កម្ពុជាស្រឡាញ់សន្តិភាព ! សម្តេច ឃួន សុដារី អំពាវនាវ ដល់សហគមន៍អន្តរជាតិ ចូលរួមតាមដាន ឱ្យបានដិតដល់ ក្នុងការអនុវត្តកិច្ចព្រមព្រៀង សន្តិភាពកម្ពុជា-ថៃ

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្នើដល់សហគមន៍ អន្តរជាតិចូលរួមលើកទឹកចិត្ត និងតាមដានឱ្យបានដិតដល់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ ដែលទើបនឹងចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។

ការអំពាវនាវនេះបានធ្វើឡើងក្នុងបទអន្តរាគមន៍គន្លឹះ នៃកិច្ចពិភាក្សាតុមូលក្នុងវេទិកាសន្តិភាពប៉ារីស (Paris Peace Forum) ដោយសម្ដេច បានគូសបញ្ជាក់ថា ទោះបីកិច្ចព្រមព្រៀងនេះ ជាការបោះជំហានដ៏សំខាន់ដើម្បីស្ដារសន្តិភាពយូរអង្វែងក៏ពិតមែន ប៉ុន្តែ ដំណើរការនេះហាក់ស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយមួយ ។ ក្នុងន័យនេះ សម្តេច បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ចូលរួមតាមដាន ឱ្យបានជាប់លាប់ក្នុង ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ ។

នៅក្នុងកិច្ចពិភាក្សាតុមូលមួយ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្ត នយោបាយនៅអាស៊ី» ដែលមានការចូលរួមពីសមាជិកស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ អ្នកការទូត និងអ្នកស្រាវជ្រាវ។ ឆ្លៀតក្នុងឱកាសនោះ សម្តេច ប្រធានរដ្ឋសភា ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំសម្របសម្រួល និងការធ្វើជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ ។

សម្ដេច បានគូសបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តចំពោះគោលការណ៍ សន្តិសហវិជ្ជមាន គឺភាពជាអ្នកជិតខាងល្អជាមួយប្រទេសថៃ និងរក្សាមជ្ឈភាពអាស៊ាន។ កម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមស៊ីវិលអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ ដូចនេះកម្ពុជាបានផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព។

កម្ពុជា ឆ្អែតឆ្អន់ហើយនឹងសង្គ្រាមក្នុងអតីតកាលរបស់ខ្លួន។ ដូច្នេះហើយទើបមិនចង់មានសង្គ្រាមជាមួយប្រទេសថៃ ឬប្រទេសណាទាំងអស់។ គោលបំណង និងគោលការណ៍ នៃគោលនយោបាយការបរទេសរបស់កម្ពុជា គឺជានិច្ចកាលមានសង្គតិភាព ហើយស្របតាមស្មារតី នៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យ៉ាងច្បាស់នូវជំហរ មិនចូលបក្សសម្ព័ន្ធ និងឯករាជ្យ ។

សម្តេច រដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាចាត់ទុក អាស៊ាន ជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃគោលនយោបាយការបរទេស ព្រមទាំងអនុវត្ត យុទ្ធសាស្រ្តតុល្យភាព ចំពោះគ្រប់តួអង្គ ទាំងប្រទេសមហាអំណាច និងប្រទេសអំណាចកណ្តាល៕

To Top