ព័ត៌មានជាតិ

នៅលើពិភពលោក មិនដែលអនុញ្ញាតឲ្យនរណាម្នាក់បំពានសិទ្ធិអ្នកដទៃបានទេ

ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សបានចែងថា ក្នុងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនគឺត្រូវស្ថិតនៅក្រោមច្បាប់កំណត់ ដើម្បីធានាដល់ការទទួលស្គាល់និងសិទ្ធិអ្នកដទៃ ដូច្នេះគ្មានប្រទេសនានានៅលើពិភពលោកអនុញ្ញាត ឲ្យនរណាម្នាក់ទៅបំពារបំពានសិទ្ធិអ្នកដទៃបាននោះទេ ។

ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយសារប៉ុន្មានថ្ងៃមកនេះ ឃើញថា មានក្រុមជ្រុលនិយមមួយក្តៅតូចនៅក្រៅប្រទេសបាននាំគ្នាជជែកវែកញែក អំពីសេរីភាពបញ្ចេញមតិដោយបានចោទប្រកាន់លាបពណ៌ថ្នាក់ដឹកនាំកម្ពុជា ពាក់ព័ន្ធទៅនឹងការរឹតត្បិតសេរីភាពបញ្ចេញមតិ ។

យោងតាមវីដេអូរបស់លោក ប៉ែន បូណា ដែលលើកឡើងថា តើអ្វីជាសេរីភាពបញ្ចេញមតិ និងអ្វីជាដែនកំណត់នៃសេរីភាព? នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា នៅក្នុងពិភពលោកទាំងមូល គឺអត់មានប្រទេសណាមួយដែលអនុញ្ញាតឲ្យនរណាម្នាក់បំពានសិទ្ធិអ្នកដទៃនោះទេ ដោយនិយាយចោទប្រកាន់មួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះគេតាមអំពើចិត្តដោយគ្មានទោសទណ្ឌនោះទេ ។

លោកបន្តថា “ហើយក៏អត់មានអ្នកណាក្លាយ ទៅជាវីរជនដោយសារតែការជេរប្រមាថគេ មួលបង្កាច់គេ ចោទប្រកាន់ដោយគ្មានការទទួលខុសត្រូវ…អត់មានទេ ។ បើចឹងទេក្នុងពិភពលោកនេះក្លាយទៅជាវីរជនអស់ហើយ”។

លោកប៉ែន បូណា ក៏បានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋថា សូមកុំចាញ់បោកនិងឆាប់លង់ជឿលើការញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ព្រោះនាំឲ្យតែមានទុក្ខទោសដល់ខ្លួនទៅវិញ ៕

To Top