ការបើកទំព័រថ្មីនៃពាណិជ្ជកម្មទ្វេភាគីកម្ពុជា-នូវ៉ែលហ្សេឡង់ តាមរយៈការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅទីក្រុងអូក្លិន និងការប្រកាសតែងតាំងប្រធានថ្មីអាណាត្តិទី១
 
																						
											
											
											នូវ៉ែលហ្សេឡង់៖ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិនប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចូលរួម ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ គឺការរៀបចំ ពិធីប្រកាសបើកជាផ្លូវការនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់។ ព្រឹត្តិការណ៍នេះគឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុង ការពង្រីកបណ្តាញសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់តំបន់ប៉ាស៊ីហ្វិក និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនូវ៉ែលហ្សេឡង់។
ពិធីដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ និងតំណាងធុរជនសំខាន់ៗ ក្នុងនោះ រួមមាន៖ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលជាតំណាងដ៏ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។ លោក ហេង ស៊ីនឿន ទីប្រឹក្សាសម្តេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ភ្ញៀវកិត្តិយសពិសេស រួមមាន អ្នកវិនិយោគ និងធុរជនដើមកំណើតខ្មែរ សញ្ជាតិនូវ៉ែលហ្សេឡង់ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ចទាំងពីរ។
ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច ក៏បានប្រកាសលទ្ធផលបោះឆ្នោតដែលបានជ្រើសរើស លោក ឃួយ ម៉ៃខល ជាផ្លូវការ និងទទួលបានការអនុម័ត ជា ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់។
ឆ្លៀតក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានធ្វើការគួសរំលេចពីសារៈសំខាន់ នៃការបង្កើតការិយាល័យតំណាងនៅទីក្រុងអូក្លិននៅវេលានេះ ម៉ោងនេះ គឺត្រូវបានគេមើលឃើញថាជា ការវិនិយោគទុនការទូតសេដ្ឋកិច្ចដ៏សំខាន់ របស់កម្ពុជា។ នូវ៉ែលហ្សេឡង់ត្រូវបានទទួលស្គាល់ថាជាមហាអំណាចមួយក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាកសិកម្មទំនើប និងការកែច្នៃចំណីអាហារ ដែលជាវិស័យអាទិភាពក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ការិយាល័យថ្មីនេះនឹងដើរតួនាទីជា ទីប្រឹក្សា និងជាស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាព ក្នុងការ៖
- ផ្សព្វផ្សាយនិងទាក់ទាញវិនិយោគជាកន្លែង ផ្តល់ព័ត៌មានលម្អិតអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌតំបន់ និងសកល (RCEP) និងសក្តានុពលនៃការវិនិយោគទៅលើវិស័យកែច្នៃកសិផល ឧស្សាហកម្ម និងបច្ចេកវិទ្យា។
- ជំរុញការនាំចេញ: បង្កើតវេទិកាសម្រាប់ផលិតផលកសិកម្ម និងសិប្បកម្មរបស់កម្ពុជា ឱ្យអាចជ្រៀតចូលទៅក្នុងទីផ្សារនូវ៉ែលហ្សេឡង់ ដែលផ្តោតលើគុណភាពខ្ពស់ និងសុវត្ថិភាពម្ហូបអាហារ។
- ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ភ្ជាប់ទំនាក់ទំនងរវាងធុរជននិងធុរជន (B2B) និងស្វែងរកឱកាសបណ្តុះបណ្តាលដើម្បីផ្ទេរបច្ចេកវិទ្យាទំនើបៗមកកម្ពុជា។
ក្នុងកម្មវិធីដ៏ឧឡារិកនោះដែរ បណ្ឌិត ជឺន បូរាណ ច័ន្ទបូរី បានថ្លែងសុន្ទរកថាគន្លឹះ និងបានផ្តល់នូវសារណែនាំដ៏មានសារៈសំខាន់ ដែលជាត្រីវិស័យសម្រាប់ដឹកនាំការិយាល័យតំណាងថ្មី។
លោកបណ្ឌិត អគ្គរាជទូត បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងបានណែនាំដល់លោក ឃួយ ម៉ៃខល និងសហការី ត្រូវផ្តោតជាចម្បង៖ “ការិយាល័យតំណាងនេះ គឺជាដៃគូយុទ្ធសាស្ត្ររបស់ស្ថានទូត ក្នុងការអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ច។
លោកប្រធានត្រូវបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូត ដើម្បីធានាបាននូវការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព។ ភារកិច្ចចម្បងគឺការផ្សព្វផ្សាយទីផ្សារសក្តានុពល ជាពិសេសលើ កសិផល និងទំនិញកែច្នៃរបស់កម្ពុជា ទៅកាន់ទីផ្សារនូវ៉ែលហ្សេឡង់ ដើម្បីពង្រីកចំណែកទីផ្សារឱ្យបានទូលំទូលាយ។”
ជាការឆ្លើយតបពីមតិផ្តាំផ្ញើរបស់គណៈអធិបតី លោក ឃួយ ម៉ៃខល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទុកចិត្តរបស់ថ្នាក់ដឹកនាំ និងបានប្រកាសពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោក៖ “ខ្ញុំសូមប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងប្រើប្រាស់បទពិសោធន៍ ជំនាញ និងបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួនទាំងអស់ ដើម្បីធ្វើឱ្យការិយាល័យតំណាងរបស់យើងនៅអូក្លិននេះ ក្លាយជាស្ពានតភ្ជាប់ប្រកបដោយប្រសិទ្ធភាពបំផុត។ ខ្ញុំនឹងជំរុញការផ្សព្វផ្សាយអំពីសក្តានុពល ‘កសិកម្មស្អាត’ និង ‘ទំនិញមានគុណភាព’ របស់កម្ពុជា ទៅកាន់ទីផ្សារនូវ៉ែលហ្សេឡង់ និងតំបន់ប៉ាស៊ីហ្វិក ដោយឈរលើគោលការណ៍តម្លាភាព។ ខ្ញុំនឹងខិតខំធ្វើការជាមួយវិនិយោគិនដើមកំណើតខ្មែរនៅទីនេះ ដើម្បីបង្វែរមនោសញ្ចេតនាមាតុភូមិ ឱ្យក្លាយជា ទុនវិនិយោគពិតប្រាកដ ត្រឡប់ទៅបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិមាតុភូមិវិញ។ ខ្ញុំនឹងមិនទុកឱ្យការទុកចិត្តដ៏ឧត្តុង្គឧត្តមនេះខកបំណងឡើយ!” ៕









 
													
																							
 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									