ក្រុមការងារ សម្របសម្រួលចម្រុះ កម្ពុជា-ថៃ ជួបពិភាក្សាគ្នា កំណត់សាកល្បង ក្នុងតំបន់អាទិភាពនៅព្រំដែន លើការងារដោះមីនមនុស្សធម៌
 
																						
											
											
											ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ នៃប្រទេសទាំងពីរ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធ VTC ដើម្បីពិភាក្សា និងកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន លើការងារដោះមីនមនុស្សធម៌ ។

លោកស្រីបន្តថា ការជួបប្រជុំគ្នានេះធ្វើងឡើង ស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលត្រូវអនុវត្ត តាមនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារ សម្របសម្រួលចម្រុះ (JCTF)កាលពីពេលកន្លងមក។
លោកស្រីបន្ថែមថា ការកំណត់តំបន់សាកល្បង សម្រាប់ដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយស្របតាមលក្ខណវិនិច្ឆ័យ លក្ខខណ្ឌ និងជំហររបស់ភាគីនីមួយៗ ហើយសកម្មភាពដោះមីនមនុស្សធម៌ក្នុងតំបន់នេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលជាសមត្ថកិច្ចរបស់គណៈកម្មការចំរុះព្រំដែន (JBC) នោះឡើយ។
ចំពោះទីតាំងដែលត្រូវបានដោះមីនរួចរាល់លោកស្រីអះអាងថា ត្រូវរក្សាទុកក្នុងស្ថានភាពដើម រហូតដល់មានការសម្រេចពីគណៈកម្មការចំរុះព្រំដែន (JBC)។ ការងារដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយឈរលើគោលការណ៍ គោរពអធិបតេយ្យ និងបូរណភាពទឹកដី៕
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									