ភ្នំពេញ ៖ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានកំណត់តំបន់សាកល្បងចំនួន ១ ទីតាំង ក្នុងតំបន់ចម្ការមីនអាទិភាពនៅព្រំដែន សម្រាប់ដំណើរការដោះមីនមនុស្សធម៌ មានទីតាំងស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ថៃ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិ។
លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា «នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានបញ្ចប់កិច្ចប្រជុំ ដោយបានកំណត់តំបន់សាកល្បងចំនួន ១ ទីតាំង នៅក្នុងតំបន់ចម្ការមីនអាទិភាពនៅព្រំដែន សម្រាប់ដំណើរការដោះមីនមនុស្សធម៌ ដែលមានទីតាំងស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ដែលការងារដោះមីនមនុស្សធម៌នេះ ត្រូវអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ រវាងក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ»។
ផ្អែកតាមស្មារតីនៃកិច្ចប្រជុំនេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីជួបប្រជុំ និងពិភាក្សាការងារបច្ចេកទេសនៅទីតាំងជាក់ស្ដែង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
ការងារដោះមីនមនុស្សធម៌នេះ ត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមកក្នុងនាមប្រទេសជិតខាង៕

 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									