ព័ត៌មានជាតិ

១០ថ្ងៃ មានក្មេងទំនើង និងជនងប់ល្បែងជាង ៧០នាក់ទៀត ត្រូវបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលជាតិ បានចុះបង្ក្រាបក្មេងទំនើងសរុប១៩ករណី ឃាត់ខ្លួនមនុស្ស៧០នាក់ ខណៈករណីល្បែង ស៊ីសងបង្ក្រាបបាន៦ករណី ឃាត់ខ្លួនជនងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

តាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ករណីទាំងនោះ សមត្ថកិច្ចបានអនុវត្ត តាមវិធានការច្បាប់ ដោយចាប់បញ្ជូន ក្រុមក្មេងទំនើង ទាំងអស់ទៅតុលាការតែម្ដង ។ ចំណែកអ្នកប្រព្រឹត្តល្បែង២នាក់ក៏បានបញ្ជូនទៅតុលាការ និងមួយចំនួនទៀត កំពុងស្វែងរកចាប់ខ្លួន ។ លោក ទូច សុឃៈ បន្តថា ករណីក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់នោះ មានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កំពង់ស្ពឺ បាត់ដំបង ក្រចេះ ពោធិ៍សាត់ រតនគិរី និងខេត្តកោះកុង។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំមន្ត្រីនគរបាលយុត្តិធម៌ពង្រឹងការធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ បើតាមអ្នកនាំពាក្យដដែល បទបញ្ជានេះ មានកម្មវត្ថុធានាឱ្យបានថា ក្រុមក្មេងទំនើងនឹងប្រឈមទណ្ឌកម្មតាមផ្លូវច្បាប់ ឱ្យសមនឹងអំពើអុកឡុកសង្គមដែលពួកគេបានប្រព្រឹត្ត ។

វិធានការនេះ ក៏នៅមិនទាន់គ្រប់គ្រាន់ដែរ ។ លោក ទូច សុឃៈ បានឱ្យដឹងទៀតថា ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យ អគ្គស្នងការដ្ឋាន នគរបាលជាតិត្រៀមសហការជាមួយក្រសួងយុត្តិធម៌ ពិនិត្យលទ្ធភាព ស្នើធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទណ្ឌកម្មបន្ថែមឱ្យកាន់តែធ្ងន់ធ្ងរ ក្នុងទោសពាក់ព័ន្ធនឹង​ ករណីក្មេងទំនើងទៀតផង ៕

To Top