ក្រសួងមហាផ្ទៃ ចាត់តាំងនគរបាល ១២រូប ចូលរួមអនុវត្តផែនការសកម្មភាព សម្រាប់កិច្ចប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនរវាងនគរបាល កម្ពុជា-ថៃ
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានសម្រេចចាត់តាំងសមាសភាពនាយនគរបាលជាន់ខ្ពស់ចំនួន ១២រូប ដឹកនាំដោយ អគ្គស្នងការរងនគរបាលជាតិ ១រូប ដើម្បីចូលរួមអនុវត្តផែនការសកម្មភាព សម្រាប់កិច្ចសហ ប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ បានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១ វិច្ឆិកា នេះ ថា សេចក្តីសម្រេចនេះរៀបចំឡើងតាមខ្លឹមសារនៃផែនការសកម្មភាព ចំណុចទី៨ ស្តីពី «ក្រុមការងារ ដើម្បីអនុវត្តផែនការសកម្មភាព» និងបានផ្ញើជូន នាយឧត្តមសេនីយ៍ KITTHARATH PUNPETCH អគ្គស្នងការនគរបាលភូមិន្ទថៃ ជាផ្លូវការរួចហើយ ដោយអនុលោមតាមស្មារតីកិច្ចប្រជុំពិសេសលើកទី១ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង និងកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការ ព្រំដែនទូទៅ GBC កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ផងដែរថា ផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាប បទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក លើបច្ចេកទេសស៊ើបអង្កេត វត្ថុតាង និងការអនុវត្តវិធានការច្បាប់ចំពោះជនសង្ស័យ ដោយគោរពតាម គោលការណ៍ច្បាប់នៃប្រទេសទាំងពីរ។
ការបង្កើតក្រុមការងារនេះ ភាគីទាំងពីរត្រូវជូនដំណឹងជាផ្លូវការឱ្យគ្នា ទៅវិញទៅមក នូវសមាសភាពក្រុមការងារ ដើម្បីអាចចាប់ផ្តើមអនុវត្តផែនការសកម្មភាពភ្លាមៗ៕
