ព័ត៌មានជាតិ

លោក ឃួង ស្រេង ណែនាំសិស្សានុសិស្ស ត្រូវប្រឹងប្រែងសិក្សារៀនសូត្រឱ្យខ្លាំងក្លា​ ដើម្បីជាទំពាំងស្នងឬស្សី ក្នុងការអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំសិស្សានុសិស្សទាំងអស់ ត្រូវប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានខ្លាំងក្លា​ ដើម្បីជាទំពាំងស្នងឬស្សី ក្នុងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។

ការលើកឡើងរបស់ លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្រោយបានអានសារលិខិតថ្លែងអបអរសាទរ ក្នុងឱកាសបើកបវេសនកាល​ ឆ្នាំសិក្សា២០២៥-២០២៦ របស់សមម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ និងពិធីចែករង្វាន់សិស្សពូកែ ទូទាំងរាជធានីភ្នំពេញ និងសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាល័យព្រែកលៀប ខណ្ឌជ្រោយចង្វា។

លោក​ ឃួង ស្រេង បានលើកឡើងទៀតថា ប្រជាពលរដ្ឋ ពិតជាមានមោទនភាព និងសប្បាយរីករាយណាស់ ដែលមានថ្នាក់ដឹកនាំ ដែលមានសមត្ថភាពខ្លាំងក្លា ក្នុងការដឹកនាំប្រទេស នោះគឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ជាក់ស្ដែងកាលពីថ្ងៃទី២៦ តុលាកន្លងមកនេះ សម្ដេចធិបតី បានបង្ហាញឱ្យឃើញពីសមត្ថភាពដ៏ខ្លាំងក្លា ក្នុងការនាំប្រទេសជាតិ មកនូវសន្តិភាពពេញលេញ ដែលគ្រប់គ្នាជឿទុកចិត្តបាន ហើយបានធ្វើឱ្យប្រទេសជាតិរួចផុតពីសង្គ្រាម កាត់បន្ថយបានការស្លាប់ និងរបួសកងទ័ព និងប្រជាពលរដ្ឋទាំងសងខាងថែមទៀតផង។

លោក ឃួង ស្រេង នៅក្នុងឱកាសនោះ​ ក៏បានលើកឡើង ពីវិស័យអប់រំក្រោយឆ្នាំ១៩៧៩ ដែលកម្ពុជា មិនមានអ្វីទាំងអស់។ តែដោយការខិតខំប្រឹងប្រែង ពីរាជរដ្ឋាភិបាលនាពេលនោះ ទើបធ្វើឱ្យវិស័យអប់រំមានការអភិវឌ្ឍ រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។

ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានសូមឱ្យកូនក្មួយទាំងអស់ ប្រឹងប្រែងសិក្សារៀនសូត្រ ឱ្យបានខ្លាំងក្លាដើម្បីយកចំណេះវិជ្ជាទាំងនេះ មកបម្រើជាតិមាតុភូមិ ធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់យើង កាន់តែរីកចម្រើនមួយកំរិតថែមទៀត ហើយចំណេះវិជ្ជាទាំងនេះ ក៏ជាខឿនការពារបូរណភាពទឹកដីរបស់យើង ដ៏មានប្រសិទ្ធភាពផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា អាចរីកចម្រើនជឿនលឿនអភិវឌ្ឍន៍ទៅបាន គឺពឹងលើក្មួយៗ ជំនាន់ក្រោយទាំងអស់នេះហើយ។ ចំណែករាជធានីភ្នំពេញ ក៏ដូច្នោះដែរ បើមិនមានការចូលរួម ពីប្រជាពលរដ្ឋទេ រាជធានីភ្នំពេញ ក៏មិនមានអនាម័យ បរិស្ថាន និងការអភិវឌ្ឍរីកចំរើនដូចពេលនេះដែរ៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top