អភិបាលខេត្តត្បូងឃ្មុំ លើកទឹកចិត្ត ដល់កសិករ ត្រូវធ្វើយ៉ាងណាដាំដុះដំណាំប្រកបដោយសុវត្ថិភាព និងអាចប្រគួតប្រជែង លើទីផ្សារក្នុងស្រុកនឹងក្រៅស្រុក
ត្បូងឃ្មុំ៖ លោក ប៉ែនកុសល្យ អភិបាលខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥បានអញ្ជើញដឹកនាំប្រតិភូថ្នាក់ខេត្ត ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីផលិតកម្ម ដំណាំកាហ្វេ របស់កសិករនៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ដោយទស្សនៈកិច្ចនេះមានការចូលរួមពីក្រុមការងារថ្នាក់ស្រុក អាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំក្នុងស្រុកមេមត់ផងដែរ។

ការធ្វើទស្សនៈកិច្ចនេះ គឺដើម្បីលើកស្ទួយវិស័យកសិកម្ម ក្នុងស្រុកមេមត់ ក៏ដូចជាក្នុងខេត្តត្បូងឃ្មុំផងដែរ ដែលនេះគឺជាការចូលរួមចំណែក ដល់ការផ្សព្វផ្សាយដល់សាធារណៈជនឱ្យដឹងពីសមិទ្ធិផលវិស័យកសិកម្មក្នុងខេត្ត។

លើកឡើងក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានធ្វើការលើកទឹកចិត្ត ដល់កសិករ ជាពិសេសម្ចាស់ចំការកាហ្វេ ត្រូវធ្វើយ៉ាងណាដាំដុះដំណាំប្រកបដោយសុវត្ថិភាព និងអាចប្រគួតប្រជែងបានលើទីផ្សារក្នុងស្រុកនឹងក្រៅស្រុក ជាពិសេសត្រូវអនុវត្តបច្ចេកទេសតាមការណែនាំពីរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ប្រសិនមានបញ្ហាណាមួយលើបច្ចេកទេស មន្ទីរកសិកម្ម ក៏ដូចជាមន្ត្រីកសិកម្មឃុំ គឺអាចរួមចំណែកក្នុងការដោះស្រាយបាន ហើយអ្វីដែលកាន់តែពិសេសនោះ គឺមិនមែនមានតែការដាំដុះប៉ុន្នោះទេ តែអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត នឹងធ្វើការសិក្សា និងធ្វើការជួយស្វែងរកដៃគូវិនិយោគ ការសិក្សាលើទីផ្សារ ដើម្បីជួយឱ្យកសិករអាចនាំយកផលិតផលដែលខ្លួនបានដាំដុះ លក់លើទីផ្សារ និងឈានឆ្ពោះទៅការនាំចេញ។

បើតាមការបញ្ជាក់ពី លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានបញ្ហាញថា ក្នុងខេត្តត្បូងឃ្មុំយើង បើតាមការសិក្សា ពីដើមទងនៃការដាំដុះ ដំណាំកាហ្វេ នេះគឺមានតាំងពីយូរណាស់មកហើយ ហើយបច្ចុប្បន្ននេះក្នុងខេត្តត្បូងឃ្មុំ គឺមានការដាំដុះកាហ្វេ ចំនួន៤ទីតាំងក្នុងខេត្ត ហើយជានិច្ចកាលមន្ទីរកសិកម្មខេត្ត រួមនឹងមន្ទីរពានិជ្ជកម្មខេត្តតែងតែចុះធ្វើការ ផ្តល់បច្ចេកទេស ស្វែងរកទីផ្សារសម្រួលដល់កសិករ នឹងធ្វើការបើកសិក្ខាសាលា ការចងក្រងជាសហគមន៍ ការចុះកិច្ចព្រមព្រៀងទិញលក់រវាងកសិករ និងសហគមន៍ និងកិច្ចការងារសម្របសម្រួលរបស់មន្ត្រីកសិកម្មឃុំ ដោយធ្វើយ៉ាងណាជួយដល់កសិករ ឱ្យមានទីផ្សារក្នុងការលក់ផលិតផលកសិកម្ម និងផ្សព្វផ្សាយឱ្យអ្នកវិនិយោគធ្វើការបោះទុនក្នុងការទិញផលិតផលកសិកម្មរបស់កសិករផងដែរ៕


ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/រូបភាពដោយ៖ ស៉ិប តុលា

