លោកអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញបើកបវេសនកាល នៅវិទ្យាល័យប្រាសាទបល្ល័ង្ក និងប្រកាសផ្តល់រង្វាន់ម៉ូតូដល់សិស្សប្រឡងបាននិទ្ទេស A !
កំពង់ធំះ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅវិទ្យាល័យប្រាសាទបាល្ល័ង្ក បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៥-២០២៦ ក្រោម អធិបតីភាពលោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា និងជាបេសកជនពិសេស របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណៈពង្រឹងការងារ នៅស្រុកប្រាសាទបល្ល័ង្ក។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក នាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សជាច្រើនរូបផ្សេងទៀត។

លោកអ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងថា ការអប់រំ គឺជាកិច្ចការដ៏សំខាន់ក្នុងការកសាងធនធានមនុស្សដែលជាគ្រឹះសម្រាប់កិច្ចកសាងប្រទេសជាតិ។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលតាំងពីពេលដឹកនាំដោយសម្តេចតេជោ រហូតដល់សម្តេចមហាបវរធិបតី បានយកចិត្តទុកដាក់លើវិស័យអប់រំរាប់ចាប់ពីការកសាងសាលារៀន ពង្រឹងសមត្ថភាពគ្រូបង្រៀន និងកែងលំអកម្មវិធីអប់រំជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ សិស្សទទួលបានចំណេះដឹងដ៏ច្បាស់លាស់។

ជាមួយការបើកបវេសនកាលថ្មីនេះ លោកអ្នកឧកញ៉ា ទ្រី ភាព បានលើកទឹកចិត្តដល់នាយកសាលា លោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់លើការបង្រៀនសិស្សឱ្យទទួលបានចំណេះដឹងខ្លាំងពូកែ។ លោកអ្នកឧកញ៉ា ក៏បានណែនាំសិស្សឱ្យប្រឹងប្រែងសិក្សារៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងដែលគ្រូបានបង្រៀន ហើយត្រូវកាត់បន្ថយការចំណាយពេលឥតប្រយោជន៍ជាមួយការលេងទូរស័ព្ទ។ ដើម្បីលើកទឹកចិត្តដល់សិស្សដែលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឱ្យប្រឹងប្រែងសិក្សារៀនសូត្រនោះ លោកអ្នកឧកញ៉ា បានប្រកាសផ្តល់រង្វាន់ម៉ូតូរាល់សិស្សដែលទទួលបាននិទ្ទេសA ដូចទៅនឹងឆ្នាំសិក្សាកន្លងទៅផងដែរ។ សម្រាប់ ឆ្នាំសិក្សាកន្លងទៅសិស្សទទួលបាននិទ្ទេសA ត្រឹមតែម្នាក់ គឺតិចណាស់ ដូច្នេះឆ្នាំសិក្សាថ្មីនេះ ត្រូវតែប្រឡងនិទ្ទេស A ឱ្យបានច្រើន។

សូមបញ្ជាក់ថា លោកអ្នកឧកញ៉ា ទ្រី ភាព បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់សិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសA ទទួលបានម៉ូតូហុងដាឌ្រីមឆ្នាំ២០២៦ ១គ្រឿង ថវិកា៤០០.០០០រៀល, សិស្សជ័យលាភីនិទ្ទេសBចំនួន៨នាក់ ក្នុងម្នាក់ទទួលបានកុំព្រូទ័រ១គ្រឿង និងថវិកា៤០០.០០០រៀល។ ថវិកា កុំព្យូទ័រ និងម៉ាស៊ីនព្រីន ឧបត្ថម្ភដល់រដ្ឋបាលស្រុក អធិការដ្ឋាននគរបាលស្រុក ប៉ុស្តិ៍នគរបាលស្រុក និងឃុំទាំង៧ ការិយាល័យអប់រំស្រុក វិទ្យាល័យប្រាសាទបល្ល័ង្ក ប្រជាការពារ កងរាជអាវុធហត្ថ យោធាសឹករងស្រុក លោកគ្រូអ្នកគ្រូចូលនិវត្តន៍ លោកគ្រូអ្នកគ្រូ ក្នុង១នាក់ទទួលបានថវិកា ៥០.០០០រៀល និងសិស្សានុសិស្ស១.០១០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ៥ក្បាល ប៊ិច៥ដើម និងថវិកា ១០.០០០រៀល។ ចំណាយក្នុងកម្មវិធីសរុបជាទឹកប្រាក់ប្រមាណ ២៣០.០០០.០០០រៀល៕





ដោយ៖សំនៀង
