លោក ប៉ែន កុសល្យ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់ ស្រុកមេមត់
ត្បូងឃ្មុំ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់ ស្រុកមេមត់ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាល ក្រុមប្រឹក្សាស្រុកមេមត់ មន្ត្រីអប់រំក្រោមឱវាទមន្ទីរ និវត្តន៍ជន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស សិស្សានុសិស្ស យុវជនកាយរឹទ្ធិ ស.ស.យ.ក សរុបប្រមាណ ៣,៧០០នាក់។

ក្នុងឱកាសពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ លោក អភិបាលខេត្តត្បូងឃ្មុំ បានធ្វើការពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងបានធ្វើការផ្តល់អនុសាសន៍ដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលាទាំងអស់ ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍នៅយន្តការបណ្តុះបណ្តាលយុវជន ជាពិសេសសិស្សានុសិស្ស ដើម្បីឱ្យពួកគេក្លាយជាធនធានមនុស្សក្នុងសង្គម និងចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជាឆ្ពោះទៅសម្រេចបានគោលនយោបាយឆ្នាំ២០៥០។

លោកបានធ្វើការផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ យកចំណេះវិជ្ជា និងធ្វើខ្លួនជាយុវជនល្អ កូនល្អ សិស្សល្អ នឹងជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិយើង ជាពិសេសនាពេលបច្ចុប្បន្នប្រទេសកម្ពុជាយើងកំពុងឈានឆ្ពោះទៅការអភិវឌ្ឍន៍ជាលំដាប់ ការសិក្សារៀនសូត្រត្រូវមានលក្ខណៈស្វ័យសិក្សា និងធ្វើការអនុវត្តការងារស្រាវជ្រាវ ស្របពេលដែលបណ្តាប្រទេសជុំវិញពិភពលោកកំពុងរីកចម្រើននៅបច្ចេកវិទ្យា បញ្ញាសម្បនិម្មិត ក្នុងនាមយើងជាសិស្សានុសិស្ស ត្រូវស្វែងយល់ពីបច្ចេកវិទ្យាឌីជីថល ដោយធ្វើការសិក្សាស្វែងយល់ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនិងមានការគ្រប់គ្រងខ្ពស់ដើម្បីទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាទាំងនោះ។

ជាចុងក្រោយ លោកអភិបាលខេត្ត ក៏បានធ្វើការថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ព្រមទាំងបានធ្វើការចែកជូននៅលិខិតសរសើរដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទទួលបានចំណាត់ថ្នាក់ល្អក្នុងការសិក្សា និងបានផ្តល់ជូននៅសម្ភារៈសិក្សានិងថវិការមួយចំនួនផងដែរ។

បើតាមរបាយការណ៍របស់លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ ក្នុងខេត្តត្បូងឃ្មុំ មានសាលាមត្តេយ្យសិក្សាសហគមន៍ចំនួន៧៩កន្លែង មត្តេយ្យសិក្សារដ្ឋមានចំនួន២៦០កន្លែង មត្តេយ្យឯកជន ១២កន្លែង បឋមសិក្សាចំនួន៤០៧កន្លែង អនុវិទ្យាល័យ ៥២កន្លែង ឯកជន ០១កន្លែង និងវិទ្យាល័យរដ្ឋ ២៨កន្លែង ឯកជន ០៩កន្លែង គ្រូបង្រៀនសរុប ៧,១១៥នាក់ ស្រី ៣,៧៦៤នាក់ ក្នុងនោះគ្រូក្របខ័ណ្ឌមានចំនួន ៥,៤៦១នាក់ ស្រី ២,៧០០នាក់ គ្រូបង្រៀនកម្រិតឧត្តមមានចំនួន ៧៦៥នាក់ ស្រី២៦២នាក់ គ្រូបង្រៀនកម្រិតមូលដ្ឋានមាន ១,៧៣៣នាក់ ស្រី ៦៩៨នាក់ គ្រូបង្រៀនកម្រិតបឋមមាន ៣,០០៦នាក់ ស្រី ១,៧៧៨នាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅសរុប ៩៤៩នាក់ ស្រី៦៧៧នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរឥស្លាមមាន ៤២នាក់ ស្រី១៤នាក់ ហើយថ្មីៗនេះខេត្តត្បូងឃ្មុំទទួលបានគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន ៦៣៨នាក់បន្ថែមទៀតផងដែរ៕




ដោយ៖ ជឿន សុធន /ត្បូងឃ្មុំ/ដើមអម្ពិល/រូបភាពដោយ៖ ស៉ិប តុលា
