ព័ត៌មានជាតិ

ថ្នាក់ដឹកនាំនិងមន្រ្តី នៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រារព្ធពិធីបុណ្យកឋិនទាន មហាសាមគ្គីនៅវត្តក្បាលកោះ

កំពង់ឆ្នាំង ៖ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥  លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកស្រី ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ  ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញប្រារព្ធពិធីក្រុងពាលី ធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល ព្រមទាំងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ក្នុងពិធីបុណ្យកឋិនទានមហាសាមគ្គីនៅវត្តក្បាលកោះ ហៅវត្តបឹង ស្ថិតនៅក្នុងភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លុះវេលាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីបានជួបជុំពុទ្ធបរិស័ទទាំងជិត ទាំងឆ្ងាយរួចហើយ លោករដ្ឋមន្ត្រី និងលោកស្រី ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញដង្ហែអង្គកឋិនទានមហាសាមគ្គី ចូលក្នុងពទ្ធសីមាវត្តក្បាលកោះ និងដង្ហែប្រទក្សិណជុំវិញព្រះវិហារចំនួន ៣ជុំ ដោយទឹកមុខសប្បាយរីករាយ និង ជ្រះថ្លាជាមួយបុណ្យកុសលដែលពួកគាត់កំពុងសាង និងបានធ្វើបទនមស្ការ សម្មាទានសីល ព្រមទាំងបានវេរអង្គកឋិនទាន មហាសាមគ្គីប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ជាកិច្ចបញ្ចប់នៃអង្គកឋិនទាន។

កឋិនទានមហាសាមគ្គីនេះ គឺជាការផ្តួចផ្តើមរបស់ លោករដ្ឋមន្ត្រី និងលោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទ ដើម្បីប្រមូលជាបច្ច័យសម្រាប់កសាងបញ្ចប់សាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្ត ដែលត្រូវបានសាងសង់ មានបណ្ដោយ ៤០ម៉ែត្រ និងទទឹង ៩ម៉ែត្រ មានចំនួន ៥បន្ទប់។

អគារពុទ្ធិកបឋមសិក្សានេះ នឹងចូលរួមចំណែក ក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រផងដែរ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តវេនដឹកនាំអភិវឌ្ឍន៍ប្រទេសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា ។

ជាមួយគ្នានេះដែរ ព្រះគ្រូព្រះចៅអធិការវត្ត និង លោករដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូក្រសួង បានអញ្ជើញពិនិត្យវឌ្ឍនភាព ការសាងសង់ សាលាពុទ្ធិកបឋមសិក្សា នៅក្នុងវត្ត ដែលជាការផ្ដួចផ្ដើមសាងសង់ដោយគណៈកម្មាការវត្ត និងពុទ្ធបរិស័ទ តាំងពីឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ៕

To Top