សម្តេចតេជោ ៖ សម្តេច ទៀ បាញ់ បានជ្រោមជ្រែង ការពារទឹកដី រហូតមានចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានកោតសរសើរសម្តេច ទៀ បាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជាថា បានជួយជ្រោមជ្រែងក្នុងការការពារបូរណភាពទឹកកម្ពុជារហូតឈានទៅដល់ចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។
យោងតាមសារលិខិតរបស់សម្តេចតេជោ ផ្ញើសារជូនពរខួបចម្រើនជន្មាយុរបស់ សម្តេចទៀ បាញ់ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ បានឱ្យដឹងថា ក្នុងឱកាសដ៏ប្រពៃនេះ សម្តេចតេជោលើកឡើងថា សម្តេច ទៀ បាញ់ បានបំពេញករណីយកិច្ច ដ៏មោះមុត ស្វិតស្វាញ ក្នុងនាមជាកុលបុត្រខ្មែរមួយរូប ប្រកបដោយគតិបណ្ឌិតខ្ពស់ដែលបានចូលរួម រំដោះប្រទេស និងប្រជាជនពីរបបប្រល័យពូជសាសន៍ ស្វែងរកសន្តិភាព កសាង និងបន្តថែរក្សាសុខ សន្តិភាព និងស្ថិរភាព នយោបាយ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ជាមួយគ្នានេះ សម្តេចតេជោ សង្កត់ធ្ងន់ថា កោតសរសើរចំពោះស្មារតីក្លាហានមោះមុត និង សកម្មភាពដ៏ស្វាហាប់របស់សម្តេច ទៀ បាញ់និងក្រុមគ្រួសារ ក្នុងការជួយជ្រោមជ្រែង ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា នៅក្នុងកាលៈទេសៈ ដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ បន្តរហូតដល់មានការចុះកិច្ចព្រមព្រៀងសន្តិភាព ។
សូមបញ្ជាក់ថា ក្នុងពិធីចុះហត្តលេខាលើឯកសារកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ២៦ តុលា បានធ្វើឡើងក្រោមកិច្ចសម្របសម្រួលរបស់លោក ដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់ វ៉ាអ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេន ៕
