ព័ត៌មានជាតិ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក

ភ្នំពេញ ៖ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្ដថា អ្នកបើកបរយានយន្ដត្រូវអនុវត្តវិធានការនានា ដូចជា ៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត, មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត, មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង, មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត, មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវ ផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។

លើពីនេះ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច, ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ, ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត, ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាចាំបាច់ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ។ ល។មុនចេញដំណើរ, ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានសម្ដែងនូវសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវ គ្រប់រូបនឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវ សុវត្ថិភាព ក្នុងឱកាសឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ និងជានិច្ចកាលគ្រប់ពេលធ្វើដំណើរ សំដៅធានាឱ្យមានសណ្តាប់ធ្នាប់ សុខសុវត្ថិភាព សុភមង្គល ជីវភាពរុងរឿងស្រប តាមឆន្ទៈដ៏មុះមុតបស់រាជរដ្ឋាភិបាលក្នុងសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមគ្រប់រូបភាព ជាមួយនិងការពាររក្សាអធិបតេយ្យភាពទឹកដី និងសុខសន្តិភាពប្រកបដោយចីរភាព៕

To Top