រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលរាជធានី អញ្ជើញពិនិត្យ ប្រព័ន្ធប្រឡាយរំដោះទឹក ភាគខាងលិចភ្នំពេញ
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អញ្ជើញចុះពិនិត្យវឌ្ឍនភាព ប្រព័ន្ធប្រឡាយទឹក ដែលជាគម្រោងរបស់ក្រសួង ក្នុងការកែប្រែ ពីប្រឡាយស្រោចស្រព ទៅជាប្រឡាយរំដោះទឹក ដើម្បីធ្វើយ៉ាងណា បង្វែលផ្លូវទឹក កុំឱ្យហូរចូលមក រាជធានីភ្នំពេញ ។

នាឱកាសនោះ លោក ថោ ជេដ្ឋា និងលោក ឃួង ស្រេង បានចុះពិនិត្យទីតាំងឆ្លងកាត់ផ្លូវរថភ្លើង ទល់មុខប្រឡាយតាហោ សង្កាត់ភ្លើងឆេះរទេះ, ទីតាំងប្រឡាយជើងឯក ប្រសព្វផ្លូវជាតិលេខ៣ សង្កាត់ពងទឹក និងពិនិត្យទីតាំងឆ្លងផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវព្រៃស។

ការចុះពិនិត្យនេះគឺលោករដ្ឋមន្ត្រី និងលោកអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យមើលពីវឌ្ឍនភាពប្រឡាយទឹក ដែលជាគម្រោងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ដើម្បីភ្ជាប់ប្រឡាយលូ ទៅប្រឡាយមេ ដែលជាគម្រោងរបស់ក្រសួង ដែលបានជីករួច ជាមួយនឹងការកែលម្អប្រឡាយចាស់ៗមួយចំនួន ឱ្យបន្ស៊ីគ្នាជាមួយនឹងប្រឡាយថ្មី ។ ក្នុងនោះ ក៏បានចុះមើលប្រឡាយជើងឯក មើលផ្លូវឆ្លងកាត់មួយចំនួន ដើម្បីកែតម្រូវ ឱ្យត្រូវតាមស្តង់ដារបច្ចេកទេស ព្រមទាំងពិនិត្យមើល ប្រឡាយតាហោ ដែលប្រឡាយតាហោនេះ ពីដើមឡើយ ជាប្រឡាយស្រោចស្រប តែពេលនេះ បានកែប្រែក្លាយ ទៅជាប្រឡាយរំដោះទឹកវិញ ដោយសារតែប្រជាពលរដ្ឋមករស់នៅតំបន់នេះកាន់តែច្រើន។
គួរឱ្យដឹងថា ប្រឡាយតាហោ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីផ្លូវជាតិលេខ៤ ពិសេសពីតំបន់ជម្ពូវ័ន ភ្ជាប់ទៅប្រឡាយលូថ្មី ដែលជាគម្រោង របស់រាជរដ្ឋាភិបាល ក្នុងការរំដោះទឹកចេញ ពីរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំឱ្យទឹកហូរ ចូលមករាជធានីភ្នំពេញ ដោយបង្វែរមុខទឹក ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅស្ទឹងព្រែកត្នោតតែម្តង។ ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧត្តុនិយម គ្រោងនិងដាក់លូប្រអប់ខ្នាតធំ ដោយតភ្ជាប់ពីប្រឡាយជើងឯក មកប្រឡាយតាហោ ដោយកាត់ពីក្រោមផ្លូវរថភ្លើង៕
ដោយ៖ ដារាត់| ដើមអម្ពិល









