ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ មានជនខិលខូចបានបង្កើតគណនីដោយបន្លំប្រើឈ្មោះ ឧបនាយករដ្ឋមន្ដ្រី ស សុខា ជាអក្សរអង់គ្លេសថា «Sar Sokha»

ភ្នំពេញ ៖ លោក រ៉េន រតនៈ អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបញ្ជាក់ព័ត៌មានជូនសាធារណជនជ្រាបថា នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម មានជនខិលខូចបានបង្កើតគណនីដោយបន្លំប្រើឈ្មោះ ឧបនាយករដ្ឋមន្ដ្រី ជាអក្សរអង់គ្លេសថា «Sar Sokha» និងថែមទាំងដាក់រូបភាព ឧបនាយករដ្ឋមន្ដ្រី ទៀតផង។

អ្នកនាំពាក្យ បន្ដថា តាមរយៈគណនីក្លែងបន្លំនេះ ជនខិលខូច បានផ្ញើសារអូសទាញ ទៅកាន់បុគ្គលជាបន្តបន្ទាប់ឱ្យដាក់ទឹកប្រាក់ដើម្បីចូលរួមវិនិយោគជាមួយក្រុមហ៊ុន ដែលពួកគេអះអាងថាឈ្មោះក្រុមហ៊ុន OCIC។

អ្នកនាំពាក្យ ក៏បានអំពាវនាវសាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះសកម្មភាពក្លែងបន្លំដូចបានបញ្ជាក់មកនេះ រួមទាំងសកម្មភាពបន្លំឆបោកជាច្រើនទម្រង់ផ្សេងទៀត តាមមធ្យោបាយបណ្ដាញទំនាក់ទំនងសង្គមនានា៕

To Top