ព័ត៌មានជាតិ

លោក ឌិត ទីណា អំពាវនាវឲ្យឈ្មួញ ជួយទិញស្រូវ ក្នុងតម្លៃសមរម្យ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក ឌិត ទីណា បានអំពាវនាវទៅកាន់ក្រុមឈ្មួញ ជួយទិញស្រូវ របស់ប្រជាកសិករក្នុងតម្លៃសមរម្យ ដើម្បីជួយទៅដល់កសិករខ្មែរ ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ បន្ទាប់ពីសាធារណជន និងអ្នកប្រើប្រាស់បណ្តាញ សង្គមបានលើកឡើង ពីក្តីកង្វល់របស់ប្រជាពលរដ្ឋជាអ្នកដាំដុះស្រូវ ចំពោះតម្លៃមានការធ្លាក់ចុះ ។ ចំពោះមតិលើកឡើងពីក្តីកង្វល់នេះ រដ្ឋមន្រ្តីកសិកម្មបានថ្លែងអំណរគុណផងដែរ ។ ប៉ុន្តែចំពោះបញ្ហានេះ រដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ទៅវិញថា ត្រូវតែប្រែក្លាយពីការអាណិតអាសូរ ទៅដល់ប្រជាកសិករទៅជាសកម្មភាពជាក់ស្តែង ក្នុងការជួយស្រូវពួកគាត់វិញ នៅក្នុងសហគមន៍ ។

ក្នុងវីដេអូ លើកឡើងពីបញ្ហាតម្លៃស្រូវ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥លោកឌិត ទីណា បានថ្លែងថា ចំពោះតម្លៃស្រូវនេះលោកពុំបានព្រងើយកន្តើយឡើយ ។ ដោយលោកបានស្នើទៅឈ្មួញជួយទិញកសិផលស្រូវក្នុងតម្លៃសមរម្យដោយសារក្នុងរដូវនេះជារដូវប្រមូលផល ។

រដ្ឋមន្រ្តីក្រសួងកសិកម្មបញ្ជាក់ថា “អីចឹងមួយផ្នែកអំពាវនាវឲ្យបងប្អូនយើង ដែលជាឈ្មួញជួយទិញបងប្អូន ប្រជាកសិករយើងក្នុងតម្លៃសមរម្យទៅ ដូចស្រូវផ្ការំដួលនេះ ក្នុងរង្វង់មួយពាន់រៀលគឺជាតម្លៃសមរម្យមែនទែន ។ ខ្ញុំបានជជែកជាមួយ សហព័ន្ធស្រូវអង្ករ គឺត្រៀមក្នុងខែ១១ គឺយុទ្ធនាការក្នុងការប្រមូលទិញស្រូវ របស់យើងក្នុងតម្លៃសមរម្យនេះ” ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានស្នើទៅធនាគារ មីក្រូហិរញ្ញវត្ថុ ឬក៏ម្ចាស់កម្ចីផ្សេងៗ កុំមកចាប់បង្ខំទារលុយ ពីក្រុមកសិករ ព្រោះក្នុងអំឡុងពេលនេះការលក់ស្រូវ ក្នុងតម្លៃទីផ្សារធ្វើឲ្យពួកគាត់ ពុំមានថវិកា គ្រប់គ្រាន់ក្នុងការសងត្រឡប់ទៅវិញនោះទេ ៕

To Top