អភិបាលខេត្តកំពត ហាមមិនឱ្យមានការតម្លើងថ្លៃគ្រប់សេវាកម្ម ក្នុងឱកាសបុណ្យអុំទុក
កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ កងកម្លាំងទាំងអស់ ត្រូវថែរក្សាសន្តិសុខជូនភ្ញៀវទេសចរឱ្យបានល្អ ខណៈ ឯកឧត្តម អភិបាលខេត្តក៏បានហាមមិនឱ្យមានការតម្លើងថ្លៃលើគ្រប់សេវាកម្មទាំងអស់ក្នុងខេត្ត។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោមកិច្ចចង្អុលការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំរុញឱ្យខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ត្រូវរៀបចំកែច្នៃ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញក្នុងន័យដើម្បីលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ។

លោក អភិបាលខេត្ត បានបន្តថា ក្រោយពីរដ្ឋបាលខេត្តបានរៀបចំឡើងនូវឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិការយក្ស និងសួនទឹករាំតាមចង្វាក់ភ្លេង បានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលរាល់ពេលបុណ្យទាន និងថ្ងៃឈប់សម្រាកខ្លះមានភ្ញៀវទេចរមកលេងកម្សាន្តចន្លោះពី ៤ម៉ឺននាក់ ទៅ ៥ម៉ឺននាក់។

ក្នុងឱកាសនោះ លោក អភិបាលខេត្ត ក៏បានគូសបញ្ជាក់ដែរថា កត្តាដែលនាំឱ្យភ្ញៀវទេសចរមានទំនុកចិត្ត និងដើរលេងកម្សាន្តដោយសប្បាយរីករាយក្នុងខេត្តនោះ ក៏ដោយសារតែការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរពីសំណាក់អាជ្ញារ និងកងកម្លាំងទាំងអស់ផងដែរ។ ដូច្នេះអាជ្ញាធរក្រុង-ស្រុកទាំងអស់ រួមនឹងកងកម្លាំងគ្រប់ប្រភេទត្រូវបន្តធ្វើយ៉ាងណាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរ ដែលនឹងមកលេងកម្សាន្តក្នុងខេត្តនាឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខឱ្យបានល្អប្រសើរបំផុត បើទោះបីកន្លងពុំមានភាពមិនប្រក្រតីណាមួយកើតឡើងក៏ដោយ។

ទន្ទឹមនឹងនោះដែរ លោក អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជីវករ សេវាករ និងអ្នកផ្តល់សេវាកម្មគ្រប់ផ្នែកទាំងអស់តាមរយៈមន្ទីរទេសចរណ៍ មិនត្រូវមានការតម្លើងថ្លៃខុសពីថ្ងៃធម្មតានោះឡើយ នៅក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក ហើយត្រូវរួមគ្នាទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរដែលបានមកលេងកម្សាន្តក្នុងខេត្តឱ្យបានល្អប្រសើរ ដើម្បីរួមគ្នាលើមុខមាត់ខេត្ត និងទទួលបានភ្ញៀវទេសចរ កាន់តែច្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា ខេត្តកំពត មានរមណីយដ្ឋាន សហគមន៍ និងគោលដៅទាក់ទាញទេសចរណ៍សរុបចំនួន ៤២កន្លែង កំពុងដំណើរការផ្តល់សេវាកម្ម ព្រមទាំងសេវាកម្មស្នាក់នៅគ្រប់កម្រិតមានចំនួន ៣៤២កន្លែង ស្មើនឹង ៥,១០៣បន្ទប់៕
