អាជ្ញាធរអគ្គិសនី រកឃើញករណីលួចកែច្នៃនាឡិកាស្ទង់អគ្គិសនី ឱ្យដើរយឺត
ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញករណីលួចកែច្នៃនាឡិកាស្ទង់អគ្គិសនី ឱ្យដើរយឺត ខណៈអាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីទូទៅ មេត្តាកុំប៉ះពាល់ ឬ ចូលរួមកែច្នៃនាឡិកាស្ទង់ជាដាច់ខាត ព្រោះជាទង្វើខុសច្បាប់។
អាជ្ញាធរអគ្គិសនីកម្ពុជា បានឲ្យដឹងថា ពេលនេះអាជ្ញាធរអគ្គិសនីកម្ពុជា សង្កេតឃើញថា មានករណីជនខិលខូចដើរបោកបញ្ឆោតអ្នកប្រើប្រាស់នៅតំបន់ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស និងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ឋិតក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់សហគ្រាស អគ្គិសនី ទូកមាស ឱ្យជួលពួកគេកែច្នៃនាឡិកាស្ទង់ ដើម្បីឱ្យចំនួនអគ្គិសនី (kWh) ប្រើប្រាស់ប្រចាំខែថយចុះតិចជាង ធម្មតា។
សូមបញ្ជាក់ជូនថា ក្នុងជំហានដំបូងនេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានរកឃើញមាននាឡិកាស្ទង់អគ្គិសនី នៅតំបន់ខាងលើ ចំនួនជាង១០០គ្រឿង ត្រូវបានគេកែច្នៃ ។ ពេលនេះ សហគ្រាស អគ្គិសនី ទូកមាស កំពុង សហការជាមួយអ្នកប្រើប្រាស់ដែលនាឡិកាស្ទង់របស់ពួកគាត់ត្រូវបានកែច្នៃ និងសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច ស្វែងរកបុគ្គលជាអ្នកកែច្នៃនាឡិកាស្ទង់ទាំងនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជាសូមអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីឋិតក្នុងតំបន់ខាងលើ មេត្តាជួយ សហការជាមួយសហគ្រាស អគ្គិសនី ទូកមាស និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងកិច្ចការនេះ ៕
