សាស្រ្តាចារ្យអង់គ្លេសដ៏ល្បី ផ្នែកសេដ្ឋកិច្ចច្នៃប្រឌិត គ្រោងមកស្វែងយល់ ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា
ភ្នំពេញ៖ លោកសាស្រ្តាចារ្យអង់គ្លេស John Howkins ដ៏ល្បីល្បាញលើផ្នែកខាងសេដ្ឋកិច្ចច្នៃប្រឌិត នឹងមកស្វែងយល់ពី សក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែប និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយដល់ពិភពលោក ។

ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិ ជំរុញទេសចរណ៍ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ ជាមួយលោកសាស្រ្តាចារ្យ John Howkins ដែលមានឈ្មោះល្បីបំផុត សម្រាប់ការងាររបស់គាត់ ក្នុងវិស័យសេដ្ឋកិច្ច សិល្បៈ និងស្នាដៃច្នៃប្រឌិត (Creative Economy) ឬជារបៀបដែលមនុស្សរកប្រាក់ពីគំនិត។
នាឱកាសនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ ជូនលោកសាស្រ្តាចារ្យ ពីសក្តានុពលទេសចរណ៍ដ៏ច្រើន និងសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាពវិនិយោគ ដែលជាទីផ្សារទើបនឹងរះឡើង រួមទាំងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព យន្តការលើកទឹកចិត្ត ដ៏ទាក់ទាញរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងកំលាំងពលកម្មកម្ពុជា ដែលពោរពេញដោយថាមពល និងមានភាពច្នៃប្រឌិត។
ជាមួយគ្នានេះ លោកសាស្រា្តចារ្យ ដែលមានកិត្តិនាមល្បីល្បាញ ទាំងក្នុងប្រទេសចិន និងអន្តរជាតិ បានទទួលសំណើរបស់លោកមរដ្ឋមន្ត្រី អញ្ជើញមកកម្ពុជា ដើម្បីជួយផ្សព្វផ្សាយ ពីសក្ដានុពលទេសចរណ៍កម្ពុជា និងកាលានុវត្តភាពវិនិយោគ លើផ្នែកទេសចរណ៍ដ៏ខ្លាំងក្លា ទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ៕
ដោយ៖ ដារាត់| ដើមអម្ពិល
