រដ្ឋមន្ត្រីទេសចរណ៍ ជួបជាមួយអភិបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តជាំងស៊ូ ក្នុងការពិភាក្សាការងារ ស្តីពីផែនការសកម្មភាពជាក់ស្តែង
ភ្នំពេញ៖ ក្នុងដំណើរចូលរួមព្រឹត្តិការណ៍អន្តរជាតិ ជំរុញទេសចរណ៍ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្ម ការរចនាបែបច្នៃប្រឌិតស៊ូចូវ” លើកទី១៤ និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ ស្តីពីផែនការសកម្មភាពជាក់ស្តែង ជាមួយអភិបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តជាំងស៊ូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិ លើវិស័យទេសចរណ៍ រវាងកម្ពុជា និងចិន ក្នុងយុទ្ធនាការ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” ។

ក្នុងជំនួបរបស់លោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក Yang Zhichun អគ្គនាយកមន្ទីរទេសចរណ៍ និងវប្បធម៌ខេត្តជាំងស៊ូ ភាគីទាំងពីរបានពិភាក្សាគ្នា ជុំវិញកិច្ចសហប្រតិបត្តិ លើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ។ ដោយឡែក ក្នុងជំនួបជាមួយ លោក លីវ ស៊ាវថាវ (Liu Xiaotao) អភិបាលខេត្តជាំងស៊ូ ថ្នាក់ដឹកនាំទាំងពីរ បានជំរុញកិច្ចសហការរួមគ្នា អនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ ឱ្យបានលទ្ធផលខ្ពស់ ជាមួយកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។


សូមបញ្ជាក់ថា លោក ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិ ជំរុញទេសចរណ៍ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្ម ការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ តបតាមសំណើរបស់មន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ៕


ដោយ៖ ដារាត់| ដើមអម្ពិល
