រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជេីញបិទវគ្គបណ្ដុះបណ្ដាលជូនដល់មន្ដ្រីបច្ចេកទេសក្រសួង ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យគុណភាព ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដជនបទ
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធី និងគោលការណ៍នៃការចុះត្រួតពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ” ជូនដល់មន្ត្រីបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង រួមទាំងមន្រ្ដីបច្ចេកទេសសិក្ខាកាមផងដែរ ។

យោងតាមរបាយការណ៍វគ្គបណ្ដុះបណ្ដាលរបស់ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស និងជាប្រធានលេខាធិការដ្ឋាន គ.ត.វ. បានបង្ហាញថា វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធី និងគោលការណ៍នៃការចុះត្រួតពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ” បានប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ ដោយផ្ដោតសំខាន់លើប្រធានបទសំខាន់ៗចំនួន ២ គឺ៖ ទី១. ស្តីពីនីតិវិធី និងដំណើរការនៃការចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និង ទី២. ស្តីពីក្រមសីលធម៌ និងវិជ្ជាជីវៈរបស់មន្ត្រីចុះត្រួតពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ហើយសិក្ខាកាមទាំង ៤៩រូប បានយល់ដឹងបន្ថែមអំពីនីតិវិធី និងគោលការណ៍នៃការចុះត្រួតពិនិត្យ ក៏ដូចជាក្រមសីលធម៌ និងវិជ្ជាជីវៈមន្ត្រីចុះត្រួតពិនិត្យ បានកាន់តែប្រសើរឡើង។

បន្ទាប់ពីបានស្ដាប់របាយការណ៍វគ្គបណ្ដុះបណ្ដាលរួចមក លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេស និងគណៈគ្រប់គ្រងវគ្គ ដែលបានខិតខំយកអស់ពីសមត្ថភាព រៀបចំវគ្គនេះឡើង និងបានចែករំលែកចំណេះដឹងជូនដល់សិក្ខាកាមទាំងអស់ ព្រមទាំងបានសម្ដែងនូវមនោសញ្ចេតនាអបអរសាទរចំពោះ សិក្ខាកាមដែលបានបញ្ចប់វគ្គប្រកបដោយជោគជ័យនាពេលនេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្អែកតាមយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ជាយុទ្ធសាស្ដ្រទី១ ដើម្បីតភ្ជាប់តំបន់ជនបទ និងទីក្រុង និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ចូលរួមសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ“កម្ពុជាជាប្រទេស មានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០”។

ដូច្នេះ ក្រសួងអភិវឌ្ឍន៍ជនបទបានបង្កើត គ.ត.វ. ដើម្បីដឹកនាំចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ ក្នុងគោលដៅពង្រឹង គុណភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដើម្បីធានាបាននូវគុណភាពនៃសំណង់ស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ ជាមួយនឹងការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលដែលបានស្ថាបនារួច ឱ្យបានគង់វង្ស។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនជូនដល់ មន្ត្រីបច្ចេកទេស គ.ត.វ. ដើម្បីជំរុញ និងធានាឱ្យបាននូវប្រសិទ្ធភាព និងស័ក្តិ្តសិទ្ធិភាពនៃការងារចុះត្រួតពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។

ជាកិច្ចបញ្ចប់នៃពិធីបិទវគ្គបណ្តុះបណ្តាល លោករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយស ចែកលិខិតថ្លែងអំណរគុណជូនដល់គ្រូឧទ្ទេស ក៏ដូចជាវិញ្ញាបនបត្របញ្ជាក់កាសិក្សា ជូនសិក្ខាកាមទាំងអស់ដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលផងដែរ ៕


