ព័ត៌មានជាតិ

កម្ពុជា-អាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ គណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយ លោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី និងគណៈប្រតិភូសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែស៊ីជម្រៅ នៅក្នុងវិស័យគន្លឹះ ជាពិសេស វិនិយោគ និងពាណិជ្ជកម្ម បន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ។

លោកឧបការីក៏បានពិភាក្សាជាមួយសម្ដេចបវរធិបតី អំពីការតាមដានការអនុវត្តនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខាដោយសម្តេចបវរធិបតី និងលោក Anutin Charnvirakul នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី២៦ ខែតុលា ដោយមានការចូលរួមធ្វើជាសាក្សី ពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និងនាយករដ្ឋមន្រ្តី Anwar Ibrahim នៃប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាប្ដេជ្ញាអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមនេះ ដោយពិតប្រាកដ និងដោយស្មោះត្រង់ ក្នុងបំណងធ្វើយ៉ាងណាធានាបាននូវសុខសន្តិភាព និងស្ថិរភាព រវាងកម្ពុជា-ថៃ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ដែលមានសុខសន្តិភាព និងការអភិវឌ្ឍ នាពេលបច្ចុប្បន្ន និងអនាគត។

ឆ្លៀតក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតីក៏បានបញ្ជាក់ជូនគណៈប្រតិភូសហរដ្ឋអាមេរិកអំពីការវាយតម្លៃខ្ពស់ និងអរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមរិក ជាពិសេសប្រធានាធិបតី Donald J. Trump ដែលខិតខំស្វះស្វែងបង្កើតឱ្យមាន កិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកក្កដា និងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ ជាមួយនឹងការពេញចិត្ត និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាជនកម្ពុជាចំពោះ ប្រធានាធិបតី Donald J. Trump, កម្ពុជា បានគាំទ្របេក្ខភាពលោកប្រធានាធិបតី សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ៕

To Top