មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយមបន្តជួសជុលទ្វារទឹកអាង៣០កញ្ញា ដើម្បីធានាសន្តិសុខទឹកជូនពលរដ្ឋប្រើប្រាស់សម្រាប់ស្រោចស្រពស្រែប្រាំង!
កំពង់ធំ៖ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងសហការី និងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការជួសជុលទ្វារទឹកអាង៣០កញ្ញា ដើម្បីធានាសន្តិសុខទឹកសម្រាប់ពុកម៉ែបងប្អូនប្រជាកសិករធ្វើស្រែប្រាំងនារដូវប្រាំងឆ្នាំនេះប្រកបដោយសុវត្ថិភាព នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកបានឱ្យដឹងថាដំណើរការជួសជុលទ្វារទឹក៣០កញ្ញានេះប្រើរយៈពេលអស់ពីសប្តាហ៍មកហើយ ដោយសារស្ថានភាពទ្វារទឹកមានសភាពចាស់ទ្រុឌទ្រោម ហើយត្រូវការពេលវេលា និងបច្ចេកទេសដែលជាក់លាក់បំផុតដើម្បីធានានូវសុវត្ថិភាពអាចបិទបើក និងគ្រប់គ្រងបរិមាណទឹកបានត្រឹមត្រូវតាមកម្រិតស្តង់ដាសុវត្ថិភាព។

លោក ផាង វី បានបន្ថែមទៀតថា ដំណើរការជួសជុលទ្វារទឹកនេះសម្រេចបាន ៩០% ហើយ សម្រេចរួចរាល់ជាស្ថាពរនៅក្នុងរយៈពេលប្រមាណជា៤ថ្ងៃទៀតប៉ុណ្ណោះដែលនឹងអាចគ្រប់គ្រងនឹងប្រើប្រាស់ទ្វារទឹកនេះបានដូចដើម និងសុវត្ថិភាពឡើងវិញ។

សូមបញ្ជាក់ផងដែរថា អាងទឹក៣០កញ្ញា គ្របដណ្ដប់លើបីស្រុក គឺស្រុកប្រាសាទបល្ល័ង្ក ស្រុកស្ទោង និងស្រុកកំពង់ស្វាយ ដែលក្នុងនោះដែមានចំនួន១៦ឃុំ និងមានស្រែស្រូវកសិករប្រមាណជាង៣២ពាន់ហិកតា ហើយអាចស្តុកទឹកបានប្រមាណ ៣៥លាន ម៉ែតត្រីគុណ៕






ដោយ៖ សំនៀង
