ព័ត៌មានជាតិ

កម្ពុជា និងអូស្ត្រាលី ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីហាត់ការ

អូស្ត្រាលី៖ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Cameron Baker ប្រធានស្នងការជំនាញ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australian Skills Commission) បានរួមគ្នាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្មវិធីហាត់ការ ដែលអាចនឹងអនុញ្ញាតឱ្យសិស្សនិស្សិតកម្ពុជា ដែលកំពុងរៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១-៣ ដែលចុះបញ្ជិកានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលស្គាល់ដោយស្នងការជំនាញអូស្ត្រាលី អាចទៅបន្តការសិក្សានៅគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងចុះហាត់ការផ្ទាល់រយៈពេល ២ឆ្នាំ នៅតាមរោងជាង ការដ្ឋាន និងកសិដ្ឋាននានា ក្នុងរដ្ឋអូស្ត្រាលីខាងត្បូង នៃប្រទេសអូស្ត្រាលី។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកជំរុញឱ្យមានការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងជួយដល់វិស័យឯកជន នៅរដ្ឋអូស្ត្រាលីខាងត្បូង។ កិច្ចសហការនេះក៏រួមបញ្ចូលការបណ្តុះបណ្តាលសមត្ថភាពគ្រូ ការអភិវឌ្ឍកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន ដែលស្របតាមស្តង់ដារអូស្ត្រាលីផងដែរ។

លោក Cameron Baker បានបញ្ជាក់ថា លោកនឹងរៀបចំឱ្យមានក្រុមការងារចំពោះកិច្ចសម្រាប់អនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលនឹងអាចចាប់ផ្តើមទទួលសិស្សនិស្សិតកម្ពុជា ក្នុងការហាត់ការ និងកម្មសិក្សានៅក្នុងឆ្នាំ២០២៦ លើមុខជំនាញវិស្វកម្មរថយន្ត រថយន្តអគ្គិសនី និងអេឡិចត្រូនិក និងអាចបន្ថែមជំនាញផ្សេងៗទៀត ចាប់ពីឆ្នាំ២០២៧។

លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ គឺកើតចេញពីការចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី អញ្ជើញទៅទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៥ កន្លងទៅនេះ។

នាឱកាសនោះ គណៈប្រតិភូកម្ពុជាក៏បានធ្វើទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលមួយចំនួនក្នុងទីក្រុងអាដេឡេដ ប្រទេសអូស្ត្រាលី រួមមាន សាលាបណ្តុះបណ្តាលបច្ចេកទេស របស់ Technical and Further Education South Australia, សាលាមធ្យមសិក្សាបច្ចេកទេស Tonsley Technical College, សាលាបណ្តុះបណ្តាលជាងរថយន្ត នៃសមាគមជាង និងអ្នកផ្តល់សេវាថែទាំយានយន្តអូស្ត្រាលី (Motor Trade Association) និងសាលាបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម នៃសាលាបណ្តុះបណ្តាលជំនាញតំបន់៕

To Top