តើស្ពានអូរង៉ានស្រុកកែវសីមា និងអាចមានវាសនាដូចស្ពាន១១៥ស្រុកស្នួលទេ?
មណ្ឌលគិរី៖ ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តោយផ្លូវជនបទមួយក្នុងភូមិអូររណា ឃុំស្រែខ្ទុម និងភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនារដូវកាលប្រមូលផលដំឡូងមីនេះ បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពស្ពានថ្មមួយស្ថិតក្នុងភូមិអូររណា ដែលបច្ចុប្បន្នកំពុងត្រូវបានឡានដឹកដំឡូងមីមានទម្ងន់ធ្ងន់ច្រើនតោន ប្រើប្រាស់ឆ្លងកាត់ជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ស្ពានថ្មនោះត្រូវបានសង់ឡើងរយៈពេលជាយូរមកហើយនិងអាចទ្រទម្ងន់បានតែ២០តោនចុះក្រោមប៉ុណ្ណោះ ។

តាមការបញ្ជាក់ពីពលរដ្ឋដែល សុំមិនបញ្ចេញឈ្មោះរៀបរាប់ថា រៀងរាល់វេលាស្ងាត់គាត់តែងឃើញរថយន្តវេអង ដែលផ្ទុកដំឡូងប្រហែល៣០តោន បូកទាំងទម្ងន់ឡាន២០តោនទៀតនោះគឺសរុប៥០តោនឯណោះ បើកពីលើស្ពានអូរង៉ាននេះ។តើស្ពានថ្មដ៏តូចមួយនេះ អាចនៅបម្រើការប្រើប្រាស់របស់ពលរដ្ឋបានប៉ុន្មានទៀតទៅ?ប៉ុន្មានថ្ងៃមុន ស្ពានដែកបាឡេនៅចំណុច១១៥ស្រុកស្នួលត្រូវរថយន្តវេអង ដឹកដំឡូងដូចគ្នានេះបង្ករអោយបាក់រួចហើយ តែបើមិនទប់ស្កាត់ស្ពានអូរង៉ាននេះនិងមានវាសនាមិនខុសគ្នាជាមួយស្ពាន១១៥នោះទេ។

ដើមអម្ពិលនៅមិនទាន់បានទាក់ទងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីថ្មីនៅឡើយក្នុងក្តីកង្វល់របស់ពលរដ្ឋនេះ។តែគេនៅចាំបានថា ទាំងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទចាស់លោកយន់ សារ៉ោម និងអភិបាលស្រុកកែវសីមាលោកសាន គឹមអ៊ាប កាលពីឆ្នាំមុនក៏ធ្លាប់បានហាមប្រាមមិនអោយរថយន្តធំដឹកលើសទម្ងន់ ប្រើប្រាស់ស្ពាននេះនោះទេ ព្រោះស្ថានភាពនិងគុណភាពស្ពានមិនអាចផ្ទុកបានទម្ងន់ដ៏ធ្ងន់នេះឡើយ៕
ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
