អគ្គនាយក IAEA ថ្កោលទោស លោក Donald Trump ក្នុងការបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ និងថា នេះជាសូចនាករនៃវិបត្តិសកលកាន់តែធ្ងន់ធ្ងរឡើង
បរទេស: លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ គឺជាសូចនាករ នៃវិបត្តិសកលកាន់តែធ្ងន់ធ្ងរឡើង និងធ្វើឱ្យប្រព័ន្ធសន្តិសុខ និងសន្តិភាពអន្តរជាតិ ចុះខ្សោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ LCI របស់បារាំងកាលពីថ្ងៃអង្គារ លោក Grossi បានពិពណ៌នាអំពីការប្រកាសរបស់លោក Trump ថា ជា “ការបង្ហាញពីភាពមិនស្រួលយ៉ាងខ្លាំងនៃ ភាពតានតឹង និងការបែកបាក់កាន់តែខ្លាំងឡើង” ដោយលោកបន្ថែមថា វាធ្វើឱ្យប៉ះពាល់ដល់សន្តិភាពពិភពលោក និងរបបមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។
សូមជម្រាបថា កាលពីសប្តាហ៍មុន លោក Trump ប្រធានាធិបតីអាមេរិក បានបញ្ជាឱ្យក្រសួងសង្គ្រាម អាមេរិកចាប់ផ្តើមការរៀបចំសម្រាប់ការសាកល្បង អាវុធនុយក្លេអ៊ែរ ដោយអះអាងថា សហរដ្ឋអាមេរិកគឺជា “ប្រទេសតែមួយគត់ដែលមិនសាកល្បង” និងចោទប្រកាន់រុស្ស៊ី និងប្រទេសចិនថា បានធ្វើការផ្ទុះអាវុធនុយក្លេអ៊ែរដោយ “សម្ងាត់”។ ចំណែកទាំងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានបដិសេធការចោទប្រកាន់ទាំងនេះ៕
ប្រែសម្រួល: ណៃ តុលា
