ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណគ្រប់ភាគី បានការពារសុខសុវត្ថិភាព ជូនពលរដ្ឋ ក្នុងឱកាសពិធីបុណ្យអុំទូក

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះ ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំង គ្រប់ប្រភេទ បានបំពេញភារកិច្ច និងការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានយ៉ាងល្អប្រសើរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «សូមថ្លែងអំណរគុណចំពោះ ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ច ការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងថែរក្សាអនាម័យបរិស្ថានបានល្អប្រសើរ នៅទូទាំងប្រទេស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ពីថ្ងៃទី៤-៦ វិច្ឆិកា ២០២៥»។

សូមរំលឹកថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ វិច្ឆិកា ២០២៥ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស ខណៈ រាជធានី-ខេត្ត មួយចំនួន ក៏រៀបចំពីធីប្រណាំងទូកផងដែរ ៕

To Top