ព័ត៌មានជាតិ

ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថាន បន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម នៅទូទាំងខេត្តកោះកុង

កោះកុង ៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតី និងបានប្រគល់ធុងសំរាមជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង ចំនួន ៩៣៩ធុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការនិងសាសនា តំណាងរដ្ឋបាលក្រុង-ស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនសាខាកាកបាទក្រហម យុវជនកាយរឹទ្ធិ និងសិស្សានុសិស្សជាច្រើននាក់នៅខេត្តកោះកុង។

លោក សាបូ អូហ្សាណូ បានថ្លែងថា ក្រសួងបរិស្ថានបានចែកជូនធុងសំរាម ចំនួន ៣ធុងសំរាមដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន ដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ និងម្យ៉ាងទៀត ក៏ជាការប្រមូលផ្តុំសំរាមដែលមានតម្លៃសេដ្ឋកិច្ចអាចលក់បាន ហើយជួយកាត់បន្ថយបរិមាណសំរាមយកទៅទុកដាក់នៅទីលាន និងផលប៉ះពាល់ដល់សោភ័ណភាព អនាម័យ បរិស្ថាន ព្រមទាំងសមុទ្រដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្តផងដែរ។

ក្នុងឱកាសនោះ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានថ្លែងអំណរគុណដល់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានប្រគល់សម្ភារគ្រប់គ្រងសំរាម សំណល់រឹង រួមមានធុងសំរាមនាថ្ងៃនេះ ជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន វត្តអារាមនៅទូទាំងខេត្តកោះកុង ដើម្បីបង្កើនភាពស្អាត និងអនាម័យ មិនគ្រាន់តែទាក់ទាញទេសចរណ៍មកទស្សនាខេត្តតំបន់សមុទ្រដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់សាភ័ណភាព និងលើកកម្ពស់នូវភាពស្អាតដល់មូលដ្ឋានសុខាភិបាល សាលារៀន វត្តអារាម ព្រមទាំងការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាបន្តបន្ទាប់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក ដោយផ្តើមចេញពីការអប់រំផ្សព្វផ្សាយ យុទ្ធនាការ ទៅចលនា និងក្លាយជាទម្លាប់ស្អាតតរហូតទៅ៕

To Top