ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ សេវាសុខាភិបាលប្រកបដោយគុណភាព ទោះនៅលើកោះឆ្ងាយដាច់ស្រយាលយ៉ាងណាក៏ដោយ

ភ្នំពេញ ៖ នារសៀលថ្ងៃទីបី នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឆ្លៀតចុះពិនិត្យដោយមិនជូនដំណឹងមុន នៅមណ្ឌលសុខភាពកោះរ៉ុង ស្ថិតនៅលើដែនកោះកណ្តាលសមុទ្រ ក្នុងខេត្តព្រះសីហនុ ។ ដោយក្នុងដំណើរចុះពិនិត្យនោះ រដ្ឋមន្រ្តីបានលើកឡើងថា សេវាសុខាភិបាលប្រកបដោយគុណភាព ទោះបីជាស្ថិតនៅលើកោះឆ្ងាយដាច់ស្រយាលយ៉ាងណាក៏ដោយ។

ការអះអាងរបស់លោករដ្ឋមន្រ្តីបែបនេះដោយសារលោកបានសង្កេតឃើញថា បុគ្គលិកនៅប្រចាំការ ២៤ម៉ោងក្នុងមួយថ្ងៃ , មណ្ឌលសុខភាពមានបរិស្ថានអនាម័យស្អាត , អ្នកជំងឺត្រូវបាន ទទួលពិនិត្យព្យាបាល ដោយយកចិត្តទុកដាក់ មិនមានការរង់ចាំ , គុណភាពសេវា ត្រូវបានវាយតម្លៃថា គ្រប់គ្រាន់ និងមានការរីកចម្រើន បង្ហាញពីការប្តេជ្ញាចិត្តរបស់បុគ្គលិកក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋលើកោះនេះ ។
សាស្ត្រាចារ្យ ឈាង រ៉ា បន្តថា ចំណុចមួយចំនួនដែលត្រូវធ្វើបន្ថែមឲ្យបានល្អ ដូចជា ៖ ការទំនាក់ទំនង ត្រូវប្រកបដោយទំនុកចិត្ត និងភាពជិតស្និទ្ធ , គួរត្រូវរំលឹកថា គុណភាពសេវា មិនមែនស្ថិតតែលើចំណេះដឹង ប៉ុន្តែស្ថិតលើទឹកចិត្ត និងស្មារតីផងដែរ , ឯសណ្ដាប់ធ្នាប់ និងការរៀបចំឧបករណ៍បរិក្ខាពេទ្យមានភាពល្អ ។ ទន្ទឹមនឹងនោះ ការលះបង់ និងឆន្ទៈរបស់ប្រធានមណ្ឌល និងបុគ្គលិក ត្រូវបានស្នើឱ្យពង្រឹងបន្ថែម ទាំងការបំពេញភារកិច្ច វិន័យខ្ជាប់ខ្ជួន និងការផ្តោតអារម្មណ៍យកចិត្តទុកដាក់ការងារ ដើម្បីឈានទៅរកភាពប្រសើរឡើង។

ជារួម មណ្ឌលសុខភាពកោះរ៉ុង ទទួលបាន ការវាយតម្លៃជាមូលដ្ឋានសុខាភិបាលល្អសមរម្យមួយ និងត្រូវបានលើកទឹកចិត្តឱ្យក្រុមការងារបន្តអនុវត្តកិច្ចការស្របគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីអភិវឌ្ឍន៍សមត្ថភាពឱ្យប្រសើរឡើង។

ជាមួយគ្នានេះ រដ្ឋមន្ត្រីសុខាភិបាលក៏បានផ្ញើសារសារថា ទោះនៅដែនកោះឆ្ងាយក្តី ក៏ប្រជាជនគ្រប់រូបទទួលបានសេវាសុខាភិបាលមានគុណភាព និងស្មារតីមនុស្សធម៌។ ដូច្នេះលោកលើកទឹកចិត្តឱ្យក្រុមគ្រូពេទ្យទាំងអស់បន្តប្រឹងប្រែងក្នុងភារកិច្ចបម្រើសេវាឱ្យកាន់តែល្អប្រសើរ ដើម្បីកសាងស្នាមញញឹមជូនប្រជាពលរដ្ឋ ឱ្យក្លាយជាការតបស្នងចំពោះភារកិច្ចដ៏ថ្លៃថ្លា និងការលះបង់ខ្ពស់របស់សហភាតរៈសុខាភិបាល៕

To Top