ក្រោយបុណ្យអុំទូក អ្នកនាំពាក្យក្រសួងការងារ បន្តអំពាវនាវឱ្យបងប្អូនពលករមកពីថៃទាក់ទង ១២៩៧ ហើយបើគ្មានជំនាញក៏គ្មានបញ្ហាដែរ
ភ្នំពេញ៖ ខណៈដែលព្រះរាជពិធីបុណ្យអុំទូក បានបញ្ចប់ហើយនោះ, អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអំពាវនាវដល់បងប្អូនពលករខ្មែរត្រឡប់មកពីថៃ និងបងប្អូនប្រជាពលរដ្ឋដែលមិនទាន់មានការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៧ ខែវិច្ឆិកានេះថា ព្រះរាជពិធីបុណ្យអុំទូក បានបញ្ចប់ហើយ, សម្រាប់បងប្អូនពលករខ្មែរត្រឡប់មកពីថៃ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ ព្រោះនៅទូទាំងប្រទេសកម្ពុជា នៅសល់ឱកាសការងារចំនួន ៧៥ ៣០២កន្លែងថែមទៀត កំពុងរង់ចាំបងប្អូន។ លោកថា សម្រាប់បងប្អូនពលករ និងប្រជាពលរដ្ឋ ដែលមិនមានជំនាញក៏អាចទាក់ទងមកលេខ ១២៩៧ បានដែរ ហើយក៏អាចទទួលបានឱកាសការងារធ្វើដូចគ្នា។

បើតាមអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ដដែល ក្នុងរយៈពេល ៣ខែកន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយវិស័យឯកជន សហជីព និងអ្នកពាក់ព័ន្ធផ្សេងទៀត បានជួយស្វែងរកការងារឱ្យបងប្អូនពលករខ្មែរត្រឡប់មកពីថៃវិញ បានជាង ៣៤ម៉ឺននាក់ ដោយក្នុងនោះប្រមាណ ២៧ម៉ឺននាក់ បានចូលធ្វើការនៅក្នុងក្រមហ៊ុន សហគ្រាស និងរោងចក្រផ្លូវការ ហើយប្រមាណ ៧ម៉ឺននាក់ផ្សេងទៀត បានទទួលការងារនៅតាមសហគ្រាសខ្នាតតូច និងមធ្យម សិប្បកម្ម ភោជនីយដ្ឋាន និងនៅតាមការដ្ឋានសំណង់ ជាដើម៕





