សណ្ឋាគារផ្កាយ៤ នឹងលេចចេញក្នុងពេលឆាប់ៗនេះ នៅមាត់បឹងតាកែវ ក្រោមគម្រោងវិនិយោគរបស់ចិន
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា គម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ នៅមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ នឹងលេចចេញរូបរាងឡើង ក្នុងពេលឆាប់ៗនេះ ដែលជាការវិនិយោគទុន របស់ក្រុមហ៊ុនចិន។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងបញ្ជាក់ប្រាប់សមាជិកក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ អំពីវឌ្ឍនភាពដ៏សំខាន់មួយនេះ ។

លោក អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនកន្លងទៅថ្មីៗនេះ លោក បានជួបពិភាក្សាជាមួយសមាគម អ្នកវិនិយោគចិន និងប្រធានសមាគមទេសចរណ៍ចិន អំពីសក្ដានុពលដ៏សម្បូរបែបរបស់ខេត្តតាកែវ ។
លោក អភិបាលខេត្ត បន្ដថា ក្រោយពីមានកិច្ចពិភាក្សាជាមួយអ្នកវិនិយោគចិនរួចមក ក្រុមហ៊ុនចិនមួយនឹងចុះមកសិក្សាគម្រោងសាងសង់សណ្ឋាគារផ្កាយ ៤ ដែលមានកម្ពស់ ៦ ជាន់ នៅបរិវេណមាត់បឹងតាកែវ ។ សណ្ឋាគារនេះ នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកម្សាន្ត និងស្នាក់នៅក្នុងខេត្តតាកែវ។

លោក អភិបាលខេត្តតាកែវ បានសម្ដែងក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពេលសណ្ឋាគារលំដាប់ផ្កាយ ៤ នេះលេចរូបរាងឡើង វានឹងជួយលើកកម្ពស់វិស័យ ទេសចរណ៍របស់ខេត្ត ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ជាក់ជាពុំខាន ព្រមទាំងបង្កើតកម្លាំងចលករ សេដ្ឋកិច្ចថ្មីនៅក្នុងខេត្ត៕
