ព័ត៌មានជាតិ

កម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ហោះហើរត្រង់មកកម្ពុជា

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើលោកស្រី Helen Breen នាយិកាផ្នែកលក់ របស់ក្រុមហ៊ុន Emirates Airline ឱ្យពិចារណាលើការហោះហើរត្រង់ មកកម្ពុជា ។

នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកស្រី Helen Breen នាយិកាផ្នែកលក់របស់ក្រុមហ៊ុន Emirates Airline អំពីកិច្ចសហប្រតិបត្តិការ ជម្រុញការតភ្ជាប់តាមផ្លូវអាកាស និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍។

ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្រ្តី ស្នើក្រុមហ៊ុនពិនិត្យលទ្ធភាពបង្កើត ជើងហោះហើរត្រង់មកកម្ពុជាផ្ទាល់ ដោយសារបច្ចុប្បន្ននេះ កម្ពុជា មានអាកាសយានដ្ឋានកម្រិត 4F គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏មានក្រុមហ៊ុនអាកាសចរណ៍ធំៗ អន្តរជាតិជាច្រើនដូចជា Turkish Airlines  និង Etihad បានចាប់ផ្តើមជើងហោះហើរត្រង់មកកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញ លោកស្រី និងសហការី មកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅអាកាសយានដ្ឋាន អន្តរជាតិតេជោ ដើម្បីពិនិត្យមើលស្ថានភាពចំនួនភ្ញៀវទេសចរជាក់ស្តែង និងសក្តានុពលទេសចរណ៍ ដ៏សំបូរបែបរបស់កម្ពុជា៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top