រដ្ឋមន្ត្រីព័ត៌មាន ៖ មិនត្រូវសម្ភាសយកមកផ្សព្វផ្សាយសាធារណៈ ចំពោះជនមានវិល្លាសស្មារតី ស្រវឹងស្រា និងជនសង្ស័យប្រើគ្រឿងញៀន
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់សាជាថ្មីថា មិនត្រូវធ្វើបទសម្ភាសយកមកផ្សព្វផ្សាយសាធារណៈចំពោះជនណាមានវិល្លាសស្មារតី ស្រវឹងស្រាបាត់បង់ស្មារតី និងជនណាសង្ស័យប្រើប្រាស់គ្រឿងញៀន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក នេត្រ ភក្ត្រា។
ការបញ្ជាក់សាជាថ្មីរបស់ លោករដ្ឋមន្ដ្រី នេត្រ ភក្ត្រា នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ អ្នកសារព័ត៌មានដែលធ្វើសេចក្តីរាយការណ៍ព័ត៌មាននៅពេលយប់ ក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានា ដើម្បីតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈដោយអនុវត្តឱ្យខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសណ្តាប់ធ្នាប់ ក្នុងវិស័យព័ត៌មាន នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ដ្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា «ខ្ញុំបានគូសបញ្ជាក់សាជាថ្មី មិនត្រូវធ្វើបទសម្ភាសយកមកផ្សព្វផ្សាយសាធារណៈចំពោះជនណាដែលមានវិល្លាសស្មារតី ស្រវឹងស្រាបាត់បង់ស្មារតីគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន និងជនណាដែលសង្ស័យលើប្រើប្រាស់គ្រឿងញៀន និងបានបញ្ជាក់ពីផលវិបាកមួយយចំនួនដែលចេញពីការផ្សព្វផ្សាយមិនបានផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់»។
លោករដ្ឋមន្ដ្រី បន្ដថា អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មិនមែនជាតុលាការ និងមិនមែនជាអ្នកមានអំណាចបញ្ជាឡើយ អ្នកសារព័ត៌មានជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយប្រកបដោយប្រភពច្បាស់លាស់។ ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអ្នកសារព័ត៌មានមួយចំនួន បានខិតខំបំពេញការងារដោយវិជ្ជាជីវៈ និងចូលរួមជួយសង្គម។
លើសពីនេះ លោករដ្ឋមន្ដ្រី ក៏អំពាវនាវដល់ម្ចាស់ផលិតផលដែលផ្សព្វផ្សាយពាណិជ្ជកម្ម សូមលើកទឹកចិត្តចំពោះអ្នកដែលផលិតខ្លឹមសារល្អ ជួយសង្គម រិះគន់ដើម្បីស្ថាបនា និងទប់ស្កាត់ការផលិតខ្លឹមសារដែលមិនមានន័យ និងខ្វះក្រមសីលធម៌ ខ្វះការពិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ លោករដ្ឋមន្ដ្រី ថា «យើងទាំងអស់គ្នា រួមគ្នា ដើម្បីបង្កើនជំនឿទុកចិត្តលើអាជីពសារព័ត៌មាន»៕
