ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ មកពីវិទ្យាល័យចំនួន៣នៃស្រុកខ្សាច់កណ្តាល

កណ្តាល៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្តាល និងវិទ្យាល័យ ពុកឫស្សី ខ្សាច់កណ្តាល ព្រមទាំងសិស្សនិទ្ទេស A ២៣ នាក់ ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការគណបក្សប្រជាជនស្រុកខ្សាច់កណ្តាល។ ពិធីនេះ មានការចូលរួមពីក្រុមការងារចលនាយុវជនថ្នាក់កណ្ដាល   គណៈអភិបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) លោកនាយក នាយករង លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ សិស្សានុសិស្សថ្នាក់ទី១២ និងសិស្សនិទ្ទេស A សរុបប្រមាណជាង​ ១ ០០០ នាក់។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ថា “ការសិក្សា គឺជាការផ្តល់អំណាចដល់ខ្លួនឯង” ដូច្នេះត្រូវមានសេចក្តីស្រលាញ់និងឱ្យតម្លៃខ្ពស់លើការសិក្សា ទើបមានអនាគតដ៏ត្រចះត្រចង់។ មិនតែប៉ុណ្ណោះ  លោកបណ្ឌិតក៏បានប្រសាសន៍ថា​ “គ្មាននរម្នាក់កេីត​វេចសម្ពាយចណេះដឹងមកជាមួយទេ​ ពោលគឺចំណេះដឹងកេីតមានដោយខិតខំរៀនសូត្រ​ និងសន្សំបន្តិចម្តងៗក្នុងរយៈពេលយូរ”​ ហេីយក៏បាន ចែករំលែកនូវបទពិសោធន៍នៃការរៀនសូត្រ ក៏ដូចជាគន្លឹះនៃការសម្រេចបាននូវវិជ្ជាជីវៈដែលខ្លួនស្រលាញ់ពេញចិត្ត។ លើសពីនេះ លោកក៏បានណែនាំនូវវិធីសាស្រ្តសិក្សាមួយចំនួនដល់ប្អូនៗសិស្សានុសិស្សដែលមានដូចជា៖ ត្រូវប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំង លះបង់ពេលវេលាកម្សាន្តខ្លះហើយងាកមកពង្រឹងលើការសិក្សា “ការសិក្សាគឺជាដំណើរការដ៏វែងឆ្ងាយនិងប្រកបដោយការឈឺចាប់”​(Study is long term process and painful) ហេតុដូច្នេះសិស្សានុសិស្សត្រូវមានភាពអំណត់អត់ធន់ខ្ពស់(patience) ការលះបង់​ខ្ពស់ (Sacrifice) ត្រូវមានភាពក្លាហានក្នុងការសិក្សាហ៊ាន សួរលោកគ្រូអ្នកគ្រូនូវអ្វីដែលខ្លួនមានភាពស្រពិចស្រពិលដូចសុភាសិតខ្មែរបាន លើកឡើងថា “ចង់ចេះឱ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឱ្យយកភ្លើងដុតគល់” និងចុងក្រោយផ្តាំផ្ញេីថា​ ត្រូវ៖(១)​ ជឿជាក់លេីខ្លួនឯង​(Believe in yourself), (២)​ រៀនអោយខ្លាំងជាប់ជារាងរាល់ថ្ងៃ (Study hard everyday) និង(៣)​កុំបោះបង់ការសិក្សា​(Never give up)  ហេីយសិក្សាដោយអនុវត្តតាមពុទ្ធោវាទរបស់ព្រះសមាសាមពុទ្ធនៃយេីងគឺ​ សុ.ចិ.បុ.លិ. ដែលជាអភិក្រម៤សម្រាប់អ្នករៀនបានសេចក្ដីថា “អ្នករៀនត្រូវប្រកបដោយអង្គ ៤ គឺ ស្ដាប់, គិត, សួរ,​ និងកត់ត្រាទុក ទើបអាចក្លាយជាអ្នកចេះគ្រប់គ្រាន់បាន”។ ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ផ្តល់ឱ្យក្មួយៗ​ (១)មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសការងារឬវិជ្ជាជីវៈដែលប្អូនចង់ធ្វេី​(freedom to choose career) (២) មានសមត្ថភាពអាចជួយអ្នកដទៃបាន​(ability to help others)  និង (៣)ផ្តល់ឱ្យក្មួយៗរស់នៅប្រកបដោយឥស្សរភាព​ និងជឿជាក់លេីខ្លួនឯង​(Living with dignity and confidence)។ អ្វីដែលមិនភ្លេច  លោកក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូដែលជាម៉ាស៊ីនដ៏អស្ចារ្យក្នុងការផ្ទេរចំណេះដឹង ជំនាញក្នុងការកសាងមូលធនមនុស្សដ៏មានគុណភាព និងជំរុញធ្វើយ៉ាងណាបង្កើននូវចំនួនសិស្សនិទ្ទេសAឱ្យបានច្រើនសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ។

ក្នុងឱកាសនោះសិស្សនិទ្ទេសAចំនួន៣រូបក៏បានឡើងចែករំលែកគន្លឹះសំខាន់ៗនៃការរៀនសូត្រដែលនាំឱ្យខ្លួនទទួលបានពិន្ទុ និងនិទ្ទេសល្អជូនដល់គណៈអធិបតីនិងសិស្សប្អូនដែរ  មានកត្តាចំនួនបីធំៗដូចជា៖ ១. កត្តាខ្លួនឯង ២. កត្តាគ្រួសារ ៣. កត្តាគ្រូ។ ពិសេសបំផុតសម្រាប់កត្តាខ្លនឯង គឺសិស្សានុសិស្សត្រូវតែពង្រឹងការគ្រប់គ្រងពេលវេលា សម្រាប់រៀននិងសម្រាប់កម្សាន្តឱ្យបានត្រឹមត្រូវ ស្វ័យសិក្សាជាប្រចាំ និងយកចិត្តទុកដាក់លើបញ្ហាសុខភាព ហូបស្អាត ញាំអាហារដែលនាំឱ្យមានសុខភាពល្អ គេងឱ្យគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ និងចៀសឱ្យផុតពីគ្រឿងញៀនផ្សេងៗ។

ដើម្បីជាការលើកទឹកចិត្តនិងអរគុណដល់ការខិតខំប្រឹងប្រែងរៀនសូត្រនិងការបង្រៀន លោកបណ្ឌិត កៅ ថាច ក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ លោកនាយកទាំងបីវិទ្យាល័យផងដែរ ។ មិនតែប៉ុណ្ណោះ លោកក៏ទទួលយកការស្នើសុំពីលោក ប៉ែន បូណា ដែលជានាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន រ៉ូតា ខ្សាច់កណ្ដាល អំពី “ការបង្រៀនបំប៉នបន្ថែមម៉ោងដល់សិស្សថ្នាក់ទី១២” ព្រោះវាពិតជាមានគុណប្រយោជន៍ដ៏សំខាន់សម្រាប់ប្រទេសជាតិតាមរយៈការវិនិយោគក្នុងការកសាងមូលធនមនុស្សសម្រាប់សង្គមជាតិ។

ជាចុងបញ្ចប់ លោកបណ្ឌិត កៅ ថាច ក៏បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈពង្រឹងមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកពញ្ញាឮដល់អង្គពិធីផងដែរ៕

To Top