ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា ៖ សុខសុវត្ថិភាព និងសុខុមាលភាព របស់ប្រជាជនកូរ៉េ កំពុងរស់នៅ និងធ្វើការនៅកម្ពុជា ក៏ជាអាទិភាពខ្ពស់ របស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសង្កត់ធ្ងន់ថា សុខសុវត្ថិភាព និងសុខុមាលភាព របស់ប្រជាជនកូរ៉េ ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា ក៏ជាអាទិភាពខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ការសង្កត់ធ្ងន់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, លោករដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសកម្មដល់ការស្ដារ និង អភិវឌ្ឍ សង្គម-សេដ្ឋកិច្ច របស់ប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើន ។

សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការ របស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ គឺជាកត្តាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាមួយគ្នានេះ, សម្ដេចបវរធិបតី ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការ នៅសាធារណរដ្ឋកូរ៉េ។

សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា «សុខសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនកូរ៉េ ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា ក៏ជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា»។

សម្ដេចបវរធិបតី និងលោករដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំ លើវិស័យសំខាន់ៗមួយចំនួន រួមមានជាអាទិ៍៖ សេដ្ឋកិច្ច, ការវិនិយោគ, ពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ, ឧស្សាហកម្ម, ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់សហគ្រាសកូរ៉េ, ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែជិតស្និទ្ធ សម្រាប់ជាឧត្តមប្រយោជន៍ របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ៕

To Top