ព័ត៌មានជាតិ

អាជ្ញាធរក្រុងពោធិ៍សាត់បន្តចុះអប់រំ និងណែនាំបន្ថែម ចំពោះទីតាំងហាមឃាត់ការលក់ដូរនៅតំបន់សាធារណៈ

ពោធិ៍សាត់៖ រដ្ឋបាលក្រុងពោធិ៍សាត់ នៅរសៀលថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានបន្តចុះអនុវត្តវិធានការ អប់រំ និងណែនាំបន្ថែម ជាថ្មីម្តងទៀត ចំពោះបងប្អូនអាជីវករមួយចំនួនតូច ដែលនៅតែបន្តដាក់តាំងលក់ដូរនៅតំបន់ហាមឃាត់សាធារណៈ។

អាជ្ញាធរក្រុងសូមរំលឹក និងបញ្ជាក់សាជាថ្មីថា តំបន់ហាមឃាត់ សម្រាប់ការលក់ដូរដោយដាក់រទេះ ម៉ូតូ ឬរថយន្ត គឺចាប់ផ្តើមពីចំណុច មុខវេទិកាអុំទូក រហូតដល់ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅមាស។ ការកំណត់តំបន់នេះឡើង គឺដើម្បី៖
-រក្សាសោភ័ណភាពក្រុង: ធានាថាទីតាំងសាធារណៈ និងតំបន់ទេសចរណ៍មានសណ្តាប់ធ្នាប់ និងភាពទាក់ទាញ។
-ធានាសុវត្ថិភាពចរាចរណ៍: បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗ។

រដ្ឋបាលក្រុងសូមអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ មេត្តាចូលរួមសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងចៀសវាងការដាក់លក់នៅចំណុចហាមឃាត់ ដើម្បី រីករាយ ក្នុងការកសាងក្រុងពោធិ៍សាត់ឲ្យកាន់តែមានសោភ័ណភាព និងសណ្តាប់ធ្នាប់ល្អទាំងអស់គ្នា៕

ប្រភព÷រដ្ឋបាលក្រុងពោធិ៍សាត់ |ដោយ÷ធឿន/ដើមអម្ពិល

To Top