ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់÷ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ អំពីវឌ្ឍនភាពការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ដែលស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ពិធីនេះបានការចូលរួម ពីលោក ញឹក បានខេង អភិបាលរងខេត្តលោក អ៊ុយ សុធាវី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន រដ្ឋបាលស្រុក ក្រុង និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

គួរជម្រាបជូនថា ភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ទ្រយឹង គឺជាភូមិដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីរួមស្រុកក្រគរ។ ប្រជាពលរដ្ឋដែលរស់នៅភូមិថ្មីនេះ មានចំនួន៦២៨គ្រួសារ សុទ្ធសឹងជាគ្រួសារអតីតយុទ្ធក្រីក្រ ដែលត្រូវជ្រើសរើសឱ្យទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដែលពួកគាត់ទាំងអស់នោះ បានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។

ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបន្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចតែងតែចងចាំជានិច្ច ទៅដល់គ្រួសារអតីតយុទ្ធជន ដែលជាអ្នកធ្លាប់បានចូលរួមតស៊ូរំដោះជាតិ ដោយបានសាងសង់ផ្ទះ ផ្តល់ដីសម្បទានសង្គមកិច្ច សាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជាតម្រូវការចាំបាច់ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម អណ្តូងទឹក តបណ្តាញអគ្គិសនី ដាក់ភ្លើងសូឡា សាងសង់ទំនប់ស្ទាក់ទឹក ទំនប់បង្ហៀរ ផ្លូវខ្វាត់ខ្វែង បណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើប និងផ្តល់អំណោយជាស្បៀងសម្ភារះ ទៅតាមលទ្ធភាពជាក់ស្តែង ដែលក្នុងនោះមានរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ជាសម្ព័ន្ធមេត្រីភាពជាមួយ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់៖ ដោយ÷ធឿន/ដើមអម្ពិល

To Top