កម្ពុជា-តួកគីយ៉េ ប្តេជ្ញាអនុវត្តអនុស្សរណៈ ចុះជាមួយគ្នា ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់
ភ្នំពេញ៖ តាមរយៈក្រសួងទេសចរណ៍ កម្ពុជា-តួកគីយ៉េ ប្តេជ្ញាអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា ដែលបានចុះជាក់ស្តែង ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ ដើម្បីជំរុញកំណើន ភ្ញៀវទេសចរ និងការវិនិយោគ ក្នុងវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានសន្ទុះបន្ថែមទៀត ។

នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតអង្គការទេសចរណ៍ សហប្រជាជាតិ លើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារ និង ផ្លាស់ប្តូរយោបល់ស៊ីជម្រៅ ជាមួយលោក Nadir Alpaslan អនុរដ្ឋមន្រ្តីវប្បធម៌ និងទេសចរណ៍តួកគីយ៉េ ស្តីពីការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ ទេសចរណ៍ រវាងប្រទេសទាំងពីរ ដែលបានចុះកន្លងមក ឱ្យកាន់តែជាក់ស្តែង និងប្រកបដោយ ប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ តាមរយៈការបង្កើត ក្រុមការងារបច្ចេកទេស ផែនការសកម្មភាព និងព្រឹត្តិការណ៍ជំរុញ ទេសចរណ៍ជាដើម ដើម្បីបង្កើនកំណើនភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ព្រមទាំងសន្ទុះវិនិយោគ លើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ស្របពេលដែលមានការតភ្ជាប់តាមផ្លូវអាកាស នាពេលខាងមុខ រវាងទីក្រុងអ៊ីស្តាន់ប៊ុល និងរាជធានីភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ៕
ដោយ៖ ដារាត់| ដើមអម្ពិល











