អាជ្ញាធរ អំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ ខណៈខែតុលាមានការកើនឡើង
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់អគ្គិភ័យ ដោយសារតែក្នុងខែតុលាកន្លងមកនេះ គ្រោះថ្នាក់អគ្គិភ័យ មានការកើនឡើង។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ក្រោមអធិបតីភាព លោក ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង លោក ហួត ហៃ អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានការកោតសរសើរ ចំពោះអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ដែលបានបង្ក្រាបបទល្មើសបានយ៉ាងល្អ នៅក្នុងខែតុលាកន្លងមកនេះ ដោយបានធ្វើឱ្យបទល្មើសមានការថយចុះ ជាមួយនិងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បាន៣៧ករណី បង្ក្រាបបទល្មើសគ្រឿងញៀន បាន៨៦ករណី បង្ក្រាបក្មេងទំនើងបាន១៤ករណីនិងបង្ក្រាបបទល្មើស (ONLINE SCAM)បានចំនួន ៧ទីតាំង ឃាត់ខ្លួនចំនួន ១៣៧នាក់ / ៦សញ្ជាតិ។

បន្ថែមលើនេះ គ្រោះថ្នាក់ចរាចរ មានការថយចុះ ប៉ុន្តែអ្វីដែលជាការកត់សំគាល់នោះ គឺគ្រោះថ្នាក់អគ្គិភ័យ បែរជាកើនឡើងរហូតដល់ ១១លើក / ៩លើក។ ចំពោះការកើនឡើងគ្រោះថ្នាក់អគ្គិភ័យនេះ សមាជិកក្រុមប្រឹក្សារាជធានី បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ផ្សព្វផ្សាយ និងអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ជាមួយគ្នានេះ លោក ជួប ខុន បានលើកឡើងថា ចំពោះការគ្រប់គ្រង ការដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញឃើញថា មានលក្ខណៈល្អប្រសើរហើយ តែក៏នៅមានបញ្ហាអសកម្មមួយចំនួន ដោយមានប្រជាពលរដ្ឋនៅខណ្ឌដង្កោ បានលើកឡើងពីការយឿតយ៉ាវ នៃការប្រមូលនដឹកជញ្ជូនសំរាម របស់ក្រុមហ៊ុនប្រមូលសំរាម។ ជុំវិញបញ្ហានេះឯកឧត្តម ជួប ខុន ស្នើសុំឱ្យអាជ្ញាធរបន្តយកចិត្តទុកដាក់ ត្រួតពិនិត្យជាប្រចាំចំពោះក្រុមហ៊ុនប្រមូលសំរាម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញមានសោភណ្ឌភាព អនាម័យនិងបរិស្ថានល្អ។

ក្នុងឱកាសនេះដែរ លោក ហួត ហៃ បានគូសបញ្ជាក់ថា ការកោតសរសើរ របស់សមាជិកក្រុមប្រឹក្សារាជធានី ចំពោះអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ច រាជធានីភ្នំពេញ លើការបង្ក្រាបបទល្មើសនានា វាជាការលើកទឹកចិត្ត ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពុះពារបន្ថែមទៀត ដើម្បីធ្វើឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយ និងការអភិវឌ្ឍរីកចំរើនមួយកម្រិតបន្ថែមទៀត៕
ដោយ៖ ដារាត់| ដើមអម្ពិល

