ព័ត៌មានជាតិ

អាជ្ញាធរខេត្តឧត្តរមានជ័យ ៖ គិតត្រឹមម៉ោង ៥ល្ងាចនេះ ស្ថានភាពព្រំដែនក្នុងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់

ឧត្តរមានជ័យ ៖ លោក ម៉េត មាសភក្ដី អភិបាលរងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា គិតត្រឹមម៉ោង ៥:00នាទីល្ងាចនេះ ស្ថានភាពព្រំដែននៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ជាធម្មតា ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់។

នេះបើតាមសារសំណេរ លើបណ្ដាញសង្គមហ្វេសប៊ុករបស់ លោក ម៉េត មាសភក្ដី អភិបាលរងខេត្តឧត្តរមានជ័យ នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា វេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា៕

To Top