វេទិកាលសាធារណៈក្នុងក្រុងកំពង់ចាម អាជ្ញាធរទទួលសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ៤៧ ដោះស្រាយភ្លាមៗ បានមួយចំនួន និងមួយចំនួនទៀតត្រូវដោះស្រាយបន្តតាមនីតិវិធីរដ្ឋបាល
កំពង់ចាម ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាសាធារណៈ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងបរិវេណវត្តបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ។

លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ក្នុងឱកាសនោះថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណ:អភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។

អាស្រ័យហេតុនេះ សូមស្នើដល់ លោក លោកស្រី លើកឡើងជាសំណួរចម្លើយ ព្រមទាំងពិភាក្សាគ្នាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ដើម្បីទទួលបានព័ត៌មានជាសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបាននាឆ្នាំកន្លង បញ្ហាប្រឈមនានា និងពិភាក្សាអំពីការអភិវឌ្ឍន៍នាឆ្នាំបន្ទាប់ ព្រមទាំងទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ រួមទាំងអ្នកពាក់ព័ន្ធ ដើម្បីពិភាក្សា និងឆ្លើយតប។


បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ពេលនេះ មានសមាសភាពចូលរួមចំនួន ៤៤៤នាក់ ។ បន្ទាប់ពីបញ្ចប់ មានប្រជាពលរដ្ឋចូលរួមលើកជាសំណើ សំណូមពរ និងកង្វល់ ចំនួន៤៧ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនអង្គវេទិកាផ្ទាល់បានមួយចំនួន ចំពោះសំណើរសំណូមពរមួយចំនួនទៀត អង្គវេទិកាទទួលយកទៅពិភាក្សា ដោះស្រាយបន្តតាមនីតិវិធីរដ្ឋបាល ។




អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម| រូបភាពដោយ: គីហ្សូណា
