ព័ត៌មានជាតិ

ចិនប្រកាស បន្តដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់ការ បន្ថយភាពតានតឹង កម្ពុជា-ថៃ

ភ្នំពេញ៖ ចិន ដែលជាប្រទេសមហាអំណាចមួយ ក្នុងតំបន់និងពិភពលោក បានប្រកាសបន្តដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់ការបន្ថយភាពតានតឹង កម្ពុជា-ថៃ ក្នុងនាមជាមិត្តភ័ក្តិ និងជាអ្នកជិតខាងជិតស្និទ្ធនៃប្រទេសទាំងពីរ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលធ្លាប់គេឱ្យរហ័សនាមថា «អ្នកចម្បាំងចចក» បានបង្ហោះរូបអ្នកនាំពាក្យក្រសួងការបរទេសចិន ដោយភ្ជាប់នូវខ្លឹមសារថា «ប្រទេសចិនបានកត់សម្គាល់ពីការវិវឌ្ឍ និងបញ្ហាថ្មីៗមួយចំនួន ងអំឡុងពេលនៃការអនុវត្តសេចក្តីប្រកាសរួមរវាងប្រទេសថៃ និងកម្ពុជា។ ក្នុងនាមជាមិត្តភ័ក្តិ និងជាអ្នកជិតខាងជិតស្និទ្ធនៃប្រទេសទាំងពីរ ប្រទេសចិនសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរអាចអត់ធ្មត់ ធ្វើការក្នុងទិសដៅដូចគ្នា អនុវត្តការពិគ្រោះយោបល់ដោយមិត្តភាព ផ្តល់ឱកាសដល់យន្តការទ្វេភាគីដែលមានស្រាប់ និងស្វែងរកដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងទប់ស្កាត់ការកើនឡើងនៃភាពតានតឹងណាមួយ។ ប្រទេសចិននឹងបន្តដើរតួនាទីយ៉ាងស្ថាបនាក្នុងការលើកកម្ពស់ការបន្ថយភាពតានតឹងតាមរបៀបរបស់យើង»៕

To Top